កូរ៉េខាងត្បូង និងម៉ាឡេស៊ី ចុះអនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការអាវុធ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ -- ទីភ្នាក់ងារផ្គត់ផ្គង់អាវុធរដ្ឋរបស់ទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងម៉ាឡេស៊ីកាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាវុធ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ពួកគេនៅក្នុងវិស័យការពារជាតិ។
យោងតាមទីភ្នាក់ងារកម្មវិធីការពារជាតិ (DAPA) បានឱ្យដឹងថា លោកស៊ុក ជុងហ្គន់ (Seok Jong-gun) រដ្ឋមន្ត្រីនៃទីភ្នាក់ងារ DAPA និងលោក ម៉ូហាមេដ ខាលេដ នូឌីន (Mohamed Khaled Nordin) រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងឱកាសនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងកូឡាឡាំពួ។
ទីភ្នាក់ងារនេះបានបន្ថែមថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសទាំងពីរនឹងស្វែងរកមិនត្រឹមតែបង្កើនកិច្ចសហប្រតិបត្តិការសម្រាប់ការផ្គត់ផ្គង់អាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការរួមគ្នាលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាការពារជាតិ និងការផលិតសម្ភារៈរួមគ្នាផងដែរ។
លោក ស៊ុក ត្រូវបានដកស្រង់សម្តីថា «លើសពីការនាំចេញប្រព័ន្ធអាវុធ ប្រទេសកូរ៉េខាងត្បូងនឹងរួមចំណែកដល់ការពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសម៉ាឡេស៊ី និងជំរុញឧស្សាហកម្មអាវុធរបស់ខ្លួនជា «ដៃគូពិតប្រាកដ» ក៏ដូចជាធ្វើការដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់នៅអាស៊ីអាគ្នេយ៍»។
បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់រថពាសដែកK200 ដល់ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ១៩៩៣ ប្រទេសកូរ៉េខាងត្បូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៩២០លានដុល្លារអាម៉េរិកដើម្បីនាំចេញយន្តហោះវាយប្រហារស្រាល FA-50 ចំនួន ១៨គ្រឿងទៅកាន់ប្រទេសនេះក្នុងឆ្នាំ២០២៣។
ជាមួយនឹងកិច្ចព្រមព្រៀងចុងក្រោយបង្អស់ ប្រទេសកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការអាវុធជាមួយប្រទេសសរុបចំនួន ៥២ប្រទេស ខណៈដែលខ្លួនកំពុងស្វែងរកការក្លាយជាប្រទេសនាំចេញសម្ភារៈការពារជាតិធំជាងគេទី៤ របស់ពិភពលោក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





