រដ្ឋបាលរាជធានីភ្នំពេញសាងសង់ប្រព័ន្ធលូរំដោះទឹកក្នុងវិមានព្រឹទ្ធសភា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានចូលរួមពិធីក្រុងពាលីបើកការដ្ឋានសាងសង់ប្រព័ន្ធរំដោះទឹក នៅវិមានព្រឹទ្ធសភា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ផ្ទៃក្រឡាទំហំ១៧០០០ម៉ែត្រការ៉េ។ ជាប្រពៃណីទំនៀមទម្លាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឱ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចម្រើន តែងប្រារព្វពិធីសុំទឹកសុំដីបានប្រព្រឹត្ដទៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយការសិក្សាលម្អិតពីក្រុមការងារបច្ចេកទេស ក្នុងទីតាំងវិមានព្រឹទ្ធសភា ឃើញថា ទិន្ន័យផ្ទៃក្រឡាទំហំ១៧០០០ម៉ែត្រការ៉េបានលិចដោយបរិមាណទឹកភ្លៀងនឹងបរិមាណទឹកដែលច្រាលចេញពីលូរដ្ឋមុខកាត់១ម៉ែត្រកន្លះហូរចូលក្នុងទីតាំងវិមាន ព្រឹទ្ធសភា។ ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចសាងសង់ប្រព័ន្ធរំដោះទឹកក្នុងវិមានព្រឹទ្ធសភានេះ។

ការដ្ឋាននេះជាគម្រោងនឹងត្រូវសាងសង់លូមូល មុខកាត់ទំហំ១ម៉ែត្រភ្ជាប់ទីតាំងរីហ្គែរចាស់មានស្រាប់ចូលទីតាំងរីហ្គែរបេតុងថ្មី ជាប់អាងស្តុកទឹក នឹងតភ្ជាប់លូមូលមុខកាត់១ម៉ែត្រចូលរីហ្គែរបេតុងទ្វាទឹកថ្មីដែលលូមូលមុខកាត់១ម៉ែត្រមានប្រវែងសរុប៣០ម៉ែត្រ។សាងសង់អាងស្តុកទឹកភ្លៀងទំហំ ៧៥ម៉ែត្រ x៤ម៉ែត្រនឹងមានកម្ពស់៣.២ម៉ែត្រ។ សាងសង់អាងស្តុកទឹកភ្លៀងសាងសង់ពីបេតុងឆ្អឹងដែក មានប្រវែង៧៥ម៉ែត្រទទឹង៤ម៉ែត្រ កម្ពស់៣.២ម៉ែត្រ អាចស្តុកទឹកភ្លៀងបណ្តោះអាសន្នបានទំហំ ៩៦០ម៉ែត្រគូប។ តម្លើងម៉ូទ័របូមទឹកចំនួន ៣គ្រឿង នឹងដំឡើងត្រង់ស្នូរ ២៥០kva ភ្ជាប់ចូលទូរបញ្ជារម៉ូទ័របូម។ ម៉ូទ័របូមទឹកចំនួន៣គ្រឿង អាចបូមទឹកបានបរិមាណមធ្យមចន្លោះពី ២៤០០ម៉ែត្រគូបទៅ៣០០០ម៉ែត្រ គូបក្នុងមួយម៉ោង ដែល ម៉ូទ័របូមទឹក១គ្រឿងមានទំនង់៧០០ គីឡូក្រាម។ ចាក់បេតុឆ្អឹងដែកកម្រាស់១៥សង់ទីម៉ែត្រ ក្រឡាផ្ទៃ៥០០ម៉ែត្រការ៉េនឹងកៅស៊ូ AC កម្រាស់៥០មីលីម៉ែត្រមានក្រឡាផ្ទៃ ១០០០ម៉ែត្រការ៉េ។ ចាក់បេតុងបន្ថែមភ្ជាប់បេតុងអាងទឹកអោយបានទំហំទទឹង៦ម៉ែត្រ នឹងការងារអ៊ុតកៅស៊ូ AC កម្រាស់ ៥០ម៉ែត្រទទឺង៦ម៉ែត្រ។

សូមបញ្ជាក់ថា គម្រោងខាងលើនេះអនុវត្តគម្រោងដោយរដ្ឋបាលរាជធានីភ្នំពេញប្រើប្រាស់ពេលវេលានៃការស្ថាបនាក្នុងរយៈពេល៣ខែ ដោយគិតចាប់ពីថ្ងៃទី០១ វិច្ឆិកា ២០២៥ នឹងត្រូវបញ្ចប់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦៕
ដោយ សួស សំរិត





