ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យជម្រកស្នាក់នៅ និងទីតាំងសាងសង់ផ្ទះថ្មីជូនក្រុមគ្រួសារអតីតយុទ្ធជនពលី នៅស្រុកប្រាសាទបល្ល័ង្គ
AKP កំពង់ធំ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកប្រាសាទបល្ល័ង្គ ព្រមទាំងអាជ្ញាធរដែនដី កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ពិនិត្យជម្រកស្នាក់នៅបច្ចុប្បន្ននិងត្រួតពិនិត្យទីតាំងសម្រាប់សាងសង់ផ្ទះថ្មី ក្នុងពេលដ៏ខ្លីខាងមុខនេះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាជូនលោកយាយ គល់ វួន អាយុ៦៦ឆ្នាំ ជាភរិយានៃសពអតីតយុទ្ធជនឈ្មោះ រិទ្ធ រឿន ដែលបានពលីជីវិតក្នុងសមរភូមិនាសម័យសង្គ្រាមដែលបច្ចុប្បន្នមានកូន និងចៅ រស់នៅក្នុងបន្ទុកចំនួន៥នាក់នៅភូមិថ្នល់ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដើម្បីជាការដឹងគុណដល់ការលះបង់សាច់ស្រស់ឈាមស្រស់របស់អតីតយុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងមាតុភូមិនាសម័យសង្គ្រាមស៊ីវិលក្នុងពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លោកបានយកចិត្តទុកដាក់បំផុតដល់សុខទុក្ខនិងជីវភាពរស់នៅរបស់ក្រុមគ្រួសារអតីតយុទ្ធជន ហើយជាង១០ឆ្នាំកន្លងមកនេះនៅខេត្តកំពង់ធំ សម្ដេចតេជោនិងសម្ដេចធិបតី បានសម្រេចឱ្យដំណើរការសាងសង់ផ្ទះថ្មីបានចំនួន៤៥២ខ្នងផ្ទះ ក្នុងនោះ២៤៦ខ្នងផ្ទះ សាងសង់នៅតាមមូលដ្ឋាននានានៅក្នុងខេត្តនិង២០៦ខ្នងផ្សេងទៀតបានសាងសង់លើដីសម្បទានសង្គមកិច្ច ដោយបានផ្ដល់ដីសម្រាប់បង្កបង្កើតផល ក្នុងមួយគ្រួសារ០១ហិកតាកន្លះ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។


លោកយាយ គល់ វួន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានអនុញ្ញាតឱ្យក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ សាងសង់ផ្ទះជូនគាត់បានស្នាក់នៅបានសមរម្យនៅពេលខាងមុខនិងសូមគោរពជូនពរសម្ដេចឯកឧត្តមលោកជំទាវ ក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ស៊ុម វណ្ណា





