ក្រុមបាល់ទាត់វ័យចាស់ K8 ឈ្នះជើងឯកការប្រកួតកីឡាបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥--ក្រុមបាល់ទាត់វ័យចាស់ K8 Football Team (អតីតក្រុមវ័យចាស់ព្រះខ័នរាជស្វាយរៀង)បានគ្រងម្ចាស់តំណែងជើងឯក ក្នុងការប្រកួតកីឡាបាល់ទាត់វ័យចាស់ ប្រចាំឆ្នាំ២០២៥ រាជធានីភ្នំពេញ បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទាត់វ័យចាស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយលទ្ធផល ៤-១ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់នៃវិទ្យាល័យ ជា ស៊ីម បឹងកេងកង។

លោក សុខ វាសនា គ្រូបង្វឹកក្រុមបាល់ទាត់វ័យចាស់K8 បានបញ្ជាក់ថា ការប្រកួតនេះជាការចូលរួមលើកទី២ ហើយជាក់ស្តែងនេះជាការជួបជុំគ្នាលេងកីឡាដើម្បីសុខភាព ហើយមិនគិតពីលទ្ធផលអ្វីទេ ដូច្នេះក្រុមរបស់លោក ប្រមូលផ្តុំហ្វឹកហាត់ក្នុងពេលជួបជុំគ្នានៅពេលកាប្រកួតតែម្តង។ លោកបន្តថា ដើម្បីចូលរួមសកម្មភាកីឡាដើម្បីសុខភាព ក្រុមរបស់លោកបានបង្កើតជាក្រុមបាល់ទាត់វ័យចាស់មួយ ហើយភាគច្រើនជាអតីតកីឡាករជម្រើសជាតិ និងកីឡាករអាជីពពីជំនាន់មុន។

ថ្លែងក្នុងពិធីបិទ និងប្រគល់ជ័យលាភីដល់ក្រុមកីឡាករវ័យចាស់ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានគូសបញ្ជាក់ថា ការហាត់ និងលេងកីឡាជាកត្តាចាំបាច់ដែលនាំមកនូវការស្គាល់ យល់គ្នា និងស្រឡាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យសង្គមជាតិយើង មានការឯកភាព និងសាមគ្គីភាពដ៏រឹងមាំ ក្នុងការកសាង និងការពារជាតិយើង និងដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកំពុងឈានឆ្ពោះទៅរកកម្រិតមួយឱ្យស្របនឹងការវិវត្តន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ។ លោកបន្ថែមថា ដោយផ្អែកលើការអភិវឌ្ឍនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញកំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រកំណែរទម្រង់ ការងារអប់រំកាយ និងកីឡាជំរុញការអនុវត្តកាលវិភាគនៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន។


សូមបញ្ជាក់ថា ជ័យលាភីការប្រកួតកីឡាបាល់ទាត់វ័យចាស់ ប្រចាំឆ្នាំ២០២៥ ក្រោមការរៀបចំរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនេះ រួមមាន៖ ក្រុមបាល់ទាត់វ័យចាស់ K8 Football Team ដណ្តើមបានជើងឯក ក្រុមបាល់ទាត់វ័យចាស់រាជសីហ៍ ជើងឯករង ខណៈក្រុមមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញចំណាត់ថ្នាក់លេខ៣៕
ដោយ ហេង ណាលីន





