រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនឹងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងបេឡារុស្ស
AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ -- យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son-hui)នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងបេឡារុស្ស តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។
យោងតាមសារព័ត៌មាន Sputnik បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបានបង្ហាញព័ត៌មានលម្អិតផ្សេងទៀតភ្លាមៗទេ រួមទាំងកាលបរិច្ឆេទពិតប្រាកដសម្រាប់ដំណើរទស្សនកិច្ចរបស់លោកស្រី ចូ។ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា លោកស្រី ចូ នឹងធ្វើទស្សនកិច្ចការងាររយៈពេល ៣ថ្ងៃទៅកាន់ទីក្រុងមូស្គូ ចាប់ពីថ្ងៃអាទិត្យដល់ថ្ងៃអង្គារ។
ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសរុស្ស៊ីនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រីក្នុងរយៈពេលប្រហែលមួយឆ្នាំ។ដំណើរទស្សនកិច្ចចុងក្រោយរបស់លោកស្រីទៅកាន់ទីក្រុងមូស្គូកាលពីខែវិច្ឆិកា ឆ្នាំមុន និងបានចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន (Vladimir Putin)។
ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសរុស្ស៊ីបានកើតឡើងចំពេលមានការសង្ស័យកាន់តែខ្លាំងឡើងអំពីថាតើមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong-un) នឹងឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)សម្រាប់កិច្ចប្រជុំមួយផ្សេងទៀតរវាងប្រទេសទាំងពីរ នៅពេលដែលលោកត្រាំ ធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅចុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែរឬទេ។
មុនពេលដំណើរទស្សនកិច្ចទៅកាន់ទ្វីបអាស៊ីរបស់លោក ដែលរួមមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី និងជប៉ុន លោក ត្រាំ បានបញ្ជាក់ជាថ្មីអំពីឆន្ទៈរបស់លោកក្នុងការជួបជាមួយលោក គីម «ប្រសិនបើលោកចង់ជួប» ដោយលោកបាននិយាយថា លោកនៅតែ «បើកចំហ» ក្នុងការជួបជាមួយលោក គីម ម្តងទៀត។
អ្នកសង្កេតការណ៍មើលឃើញថា ឱកាសនៃកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរគឺតិចតួចណាស់ ខណៈដែលប្រទេសកូរ៉េខាងជើងបានចងសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធជាមួយប្រទេសរុស្ស៊ីក្នុងទំនាក់ទំនងយោធាជាមួយនឹងការដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រដល់សង្គ្រាមរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន។ ទីក្រុងព្យុងយ៉ាងក៏បានខិតខំស្តារទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនឡើងវិញផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





