ប៉ូលិសអាហ្វហ្គានីស្ថានរឹបអូសគ្រឿងញៀនខុសច្បាប់ចំនួន ៣៤គីឡូក្រាម និងចាប់ខ្លួនអ្នករត់ពន្ធ ២៤នាក់
AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ -- ការិយាល័យអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃទទួលបន្ទុកប្រឆាំងគ្រឿងញៀនរបស់ប្រទេសអាហ្វហ្គានីស្ថានបានរឹបអូសគ្រឿងញៀនខុសច្បាប់ចំនួន ៣៤ គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យរត់ពន្ធចំនួន ២៤នាក់ក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នាទូទាំងខេត្តជាច្រើន។
យោងតាមការិយាល័យបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការមួយនៅជាយក្រុងដេហ៍សាឡាហ៍ ភាគខាងជើងខេត្តប៊ែកឡាន អាជ្ញាធរបានឃាត់ខ្លួនមនុស្ស ២នាក់ និងរឹបអូសបានសារធាតុហាស៊ីស និងអាភៀនចំនួន១៦គីឡូក្រាម។ ក្នុងប្រតិបត្តិការឆ្មក់ចូលដាច់ដោយឡែកមួយនៅភាគខាងជើងខេត្តចាវចាន់ ជនសង្ស័យ ១០ នាក់ត្រូវបានចាប់ខ្លួនជាមួយគ្រឿងញៀនចំនួន ១៨គីឡូក្រាម។
លើសពីនេះ ប៉ូលីសបានចាប់ខ្លួនមនុស្ស ១២នាក់ទៀតដែលពាក់ព័ន្ធនឹងការរត់ពន្ធ ការទិញ និងការលក់គ្រឿងញៀននៅក្នុងខេត្តឃូស ខេត្តប៉ារវ៉ាន់ ខេត្តកាពីសា និងខេត្តប៉ាក់ទីកាភាគខាងកើត។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ដោយសន្យាលុបបំបាត់ការដាំដុះអាភៀន និងការផលិតសារធាតុដែលប្រើក្នុងការផលិតហេរ៉ូអ៊ីននៅទូទាំងប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





