គុនខ្មែរដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ១ កីឡាយុវជនអាស៊ី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥--កីឡាគុនខ្មែរបានបញ្ចប់ការប្រកួតហើយ កាលពីយប់ថ្ងៃទី២៦ ខែតុលា នៅក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ដោយដណ្តើមបានមេដាយប្រាក់២ គ្រឿង និងសំរឹទ្ធ១គ្រឿង។

មេដាយប្រាក់២គ្រឿងរបស់កម្ពុជាដណ្តើមបានដោយកីឡាការិនី អ៊ឹម ស្រីពេញ ក្រោយចាញ់កីឡាការិនីកៀរហ្ស៊ីស៊ីស្ថាន វគ្គផ្ដាច់ព្រ័ត្រ និងដណ្តើមបានដោយកីឡាករ ឆុង វិសាល ក្រោយចាញ់កីឡាករអ៊ូបេគីស្ថានវគ្គផ្ដាច់ព្រ័ត្រ។ មេដាយសំរឹទ្ធ១គ្រឿងដណ្តើមបានដោយកីឡាករ ធន ចន្ធូ ក្រោយចាញ់កីឡាករអ៊ូបេគីស្ថានវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានកោតសរសើរចំពោះកីឡាករកីឡាការិនីក្រោម១៧ឆ្នាំ ដែលបានប្រឹងប្រែងប្រកួត និងដណ្តើមបានមេដាយ៣គ្រឿងជូនជាតិ។ ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមពិតជាកោតសរសើរនូវឆន្ទៈ និងការខិតខំរបស់ថ្នាលគុនខ្មែរ ដែលទៅចូលរួមប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន។ ពួកគាត់បានខិតខំតស៊ូអំណត់គ្រប់ឧបសគ្គរហូតបានឡើងដល់វគ្គផ្តាច់ព្រ័តដណ្តើមមេដាយជូនជាតិ។


ប្រធានសហព័ន្ធគុនខ្មែរបន្ថែមថា វាពិតជាលំបាកណាស់សម្រាប់ការប្រកួតរាល់ថ្ងៃជាប់គ្នា ថ្ងៃខ្លះត្រូវប្រកួតដល់ទៅ២ប្រកួត របបអាហារខុសគ្នា អាកាសធាតុខុសគ្នា ត្រូវធ្វើគីឡូដើម្បីថ្លឹងទម្ងន់រាល់ថ្ងៃ ត្រូវប្រកួតចំនួន៤ទៅ៥ប្រកួតជាប់គ្នាទើបឡើងដល់វគ្គផ្តាច់ព្រ័ត្រ៕
ដោយ ហេង ណាលីន (រូបភាព៖ NOCC)





