ម្ចាស់ជ័យលាភីលេខ១៖ អ្វីដែលពួកគេទទួលបានពីកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម អាជីវកម្មខ្ញុំឆ្នាំ២០២៥ មិនត្រឹមតែជារង្វាន់ជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែជាជំនាញទន់ដែលចាំបាច់សម្រាប់ពួកគេ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ --
ក្រោយពីទទួលបានជ័យលាភីមេដាយមាស ពីកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ រួចមកយុវសិស្ស ណាំ សុជាតិ ដែលជាប្រធានក្រុមនៃគម្រោង ចង្រ្កានទិព្វ មកពីខេត្តកែប បានលើកឡើងថា ការចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ ផ្តល់ឱ្យពួកគេលើសពីពានរង្វាន់ពោលគឺពួកគេទទួលបានការពង្រឹងសមត្ថភាពក្នុងការគិតបែបស៊ីជម្រៅ និងភាពក្លាហានក្នុងការនិយាយជាសាធារណៈ។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP នៅរសៀលថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៥ យុវសិស្ស ណាំ សុជាតិ និងសមាជិកក្រុមជាសិស្សានុសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចម្ការដូងក្នុងខេត្តកែប បានសម្តែងនូវភាពរីករាយយ៉ាងក្រែលែងក្រោយពីក្រុមខ្លួន បានបញ្ចប់ភារកិច្ចក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជិតមួយឆ្នាំនៃកម្មវិធីផែនការអាជីវម្ម និងទទួលបានលទ្ធផលល្អជាទីគាប់ចិត្ត។
យុវសិស្ស ណាំ សុជាតិ សមាជិកក្រុមគឺជាក្រុមជ័យលាភីលេខ១ ដែលទទួលបាននូវរង្វាន់មួយចំនួនដូចជា ពានកម្មវិធីអាជីវកម្មឆ្នាំ២០២៥ ចំនួនមួយ មេដាយមាសចំនួនប្រាំមួយ វិញ្ញាបនបត្រចំនួនប្រាំមួយ ទឹកប្រាក់បួនលានរៀល ព្រមទាំងរង្វាន់លើកទឹកចិត្តមួយចំនួនទៀតផងដែរ។ ប៉ុន្តែក្រុមយុវជនរូបនេះបានឱ្យដឹងថា លើសពីពានរង្វាន់នេះ គឺជំនាញទន់ដែលក្រុមបានរៀនសូត្រនៅអំឡុងពេលប្រកួតរួមមាន ការនិយាយនៅទីសាធារណៈ ការចេះគិតពិចារណាបែបស៊ីជម្រៅ ព្រមទាំងការចេះប្រាស្រ័យទាក់ទងក្នុងសង្គមថែមទៀតផង។

ប្រធានក្រុមនៃ គម្រោងចង្រ្កានទិព្វរូបនេះ បានប្រាប់ទៀតថា កត្តាដែលជំរុញឱ្យក្រុមគេចូលរួមនូវការប្រកួតមួយនេះ រួមមាន កម្មវីធីបានទាក់ទាញចំណាប់អារម្មណ៍ប្អូនឱ្យចង់សាកល្បង កម្មវិធីចាប់ផ្តើមចំពេលវិស្សមកាលនៃសាលាប្អូនដែលធ្វើឱ្យប្អូនមានពេលវេលាច្រើនក្នុងការធ្វើគម្រោង ជាពិសេសប្អូន និងក្រុមផ្ទាល់ចង់រួមគ្នាបង្កើតគម្រោងមួយដែលមិនត្រឹមតែអាចដាក់ប្រកួតប៉ុណ្ណោះទេ ប៉ុន្តែអាចប្រើដើម្បីជាចំណែកមួយក្នុងការបញ្ហាសង្គម បរិស្ថាន និងសេដ្ឋកិច្ចជាតិនាពេលអនាគត។
យុវសិស្សរូបនេះបានបន្ថែមថា៖ «គម្រោងរបស់ក្រុមខ្ញុំមានបំណង ចង់ចូលរួមចំណែកកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការប្រើប្រាស់ផូស៊ីលឥន្ធនៈ ការបំពុលបរិយាកាសដែលជាមូលហេតុដែលនាំឱ្យផែនដីឡើងកម្ដៅ តាមរយៈការប្រើប្រាស់នូវ “ចង្រ្កានទិព្វ” ដោយត្រូវការតែធនធានពន្លឺព្រះអាទិត្យតែប៉ុណ្ណោះ។ គម្រោងនេះ នឹងរួមចំណែកដល់បរិស្ថានស្អាតនៃភពផែនដីយើង។»
សូមបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងផែនការអាជីវកម្មឆ្នាំ២០២៥ នេះ ប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមអធិបតីភាពចូលរួមពី ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាន គណៈកម្មការដាក់ពិន្ទុ បុគ្គលិកអប់រំ មន្រ្តីសម្របសម្រួល តំណាងដៃគូរសហការ និស្សិត និងសិស្សានុសិស្សមកពី ៥ រាជធានីខេត្ត សរុប ២០០នាក់។


ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ បេក្ខជនបានបញ្ចេញសមត្ថភាពយ៉ាងស្វិតស្វាញ ហើយជាលទ្ធផលមានផែនការអាជីវកម្មរបស់យុវជនចំនួន៣ក្រុម បានក្លាយជាម្ចាស់ជ័យលាភីប្រចាំឆ្នាំ២០២៥ មេដាយមាស៖ គម្រោង ចង្រ្កានទិព្វ មកពីខេត្តកែប, មេដាយប្រាក់៖ គម្រោង APPLICATION NOVTINA មកពីខេត្តកំពង់ស្ពឺ, មេដាយសំរឹទ្ធ៖ គម្រោង ជេនស្ពាយ៍ មកពីរាជធានីភ្នំពេញ។
សូមជម្រាបជូនថា "អាជីវកម្មខ្ញុំ" ជាកម្មវិធីប្រកួតប្រជែងមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលរៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍន៍កម្មវិធីយុវជន ដើម្បីផ្តល់ឱកាសអោយយុវជន សិស្សានុសិស្ស និងនិស្សិត មកពីតាមបណ្តាគ្រឹះស្ថានសិក្សានានា ចូលរួមប្រកួតប្រជែងអំពីការរៀបចំផែនការអាជីវកម្មបែបអនុវត្តន៍ជាក់ស្តែង ហើយដែលផែនការអាជីវកម្មនោះ អាចចូលរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាសង្គម បរិស្ថាន និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។

ក្រៅពីនេះទៀតយុវជន សិស្សានុសិស្ស ដែលចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះ បានទទួលនូវការបណ្តុះបណ្តាលតម្រង់ទិស ការចែករំលែកបទពិសោធន៍ពីសហគ្រិនជោគជ័យ និងវាគ្មិនល្បីៗមួយចំនួនពាក់ព័ន្ធនឹងបំណិនសហគ្រិនភាពបែបអនុវត្តន៍ជាក់ស្តែងក្នុងយុគសម័យឌីជីថល, វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ ក្នុងការសរសេរផែនការអាជីវកម្ម, ការបង្កើតបណ្តាញទំនាក់ទំនង និងការសហការជាមួយសហគ្រិនជោគជ័យ, ការរៀបចំផែនការ ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុ តម្រូវការ ការផ្គត់ផ្គង់ និងវិធីសាស្រ្តកាត់បន្ថយហានិភ័យ និង បណ្តុះបំណិនសតវត្សរ៍ទី២១ ដូចជា បំណិនការងារជាក្រុម បំណិនសហការ ភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង និងបំណិនដោះស្រាយបញ្ហា។ល។៕
ដោយ៖ ឡាច សុជាតា





