ឯកឧត្តម ហាប់ ទូច សម្ពោធបើកពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ សិល្បៈ នៃអាទិទេព នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥–ពិព័រណ៍ស្តីពី រាជសំរឹទ្ធខ្មែរ សិល្បៈនៃអាទិទេព បានចាប់ផ្តើមពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ត្រូបាន ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បើកសម្ពោធនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានចូលរួមកម្មវិធីសម្ពោធបើកពិព័រណ៍ចល័តមិនអចិន្ត្រៃយ៍ ស្តីពីរាជសំរឹទ្ធខ្មែរ៖ សិល្បៈនៃអាទិទេព (Royal Bronzes: Cambodian Art of the Devine) នៅសារមន្ទីរសិល្បៈមីនីអាប៉ូលី (Minneapolis Institute of Art) នៃរដ្ឋមីនីសូតា សហរដ្ឋអាមេរិក និងមានអ្នកចូលរួមប្រមាណ២០០នាក់។


ពិព័រណ៍នេះ រៀបចំឡើងក្រោមកិច្ចសហការរវាងសារមន្ទីរជាតិកម្ពុជា សារមន្ទីរសិល្បៈអាស៊ីហ្គីមេ និងសារមន្ទីរសិល្បៈមីនីអាប៉ូលី។ ក្នុងឱការសម្ពោធពិព័រណ៍នារសៀលថ្ងៃនេះ ក៏មានការចូលរួមសម្តែងសិល្បៈរបាំអប្សារា ដោយក្រុមអ្នកសិល្បៈខ្មែរនៅសហរដ្ឋអាមេរិក Vatanak Dance Troupe ដើម្បីបង្ហាញជូនថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមកម្មវិធី។

គោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺដើម្បីបង្ហាញអំពីបច្ចេកទេសប្រកបដោយទេពកោសល្យនៃការសិតលោហៈរបស់ខ្មែរតាំងពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់សម័យបច្ចុប្បន្ន តាមររយៈការតាំងបង្ហាញសមុច្ច័យចំនួន១៧៦វត្ថុ (១២៧វត្ថុមកពីសារមន្ទីរជាតិកម្ពុជា និង ៤៩វត្ថុមកពីសារមន្ទីរសិល្បៈអាស៊ីហ្គីមេ)។
ពិព័រណ៍នេះ មានរយៈពេល៣ខែ ដោយគិតចាប់ពី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦៕



ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងវប្បធម៌)





