ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ជំរុញការសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៤២ខ្នង នៅបន្ទាយមានជ័យ ក្នុងស្មារតីតបស្នងគុណបំណាច់
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែតុលាឆ្នាំ២០២៥–ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៤២ខ្នង នៅមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥នេះ។
ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់នូវចំណុចសំខាន់ៗជាច្រើន ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូល និងការជំរុញការងារដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសង្កត់ធ្ងន់ថា ការសាងសង់ផ្ទះ និងការរៀបចំសហគមន៍នៅមណ្ឌលតេជោសន្តិភាពនេះ គឺជាការបង្ហាញយ៉ាងច្បាស់អំពី ការយកចិត្តទុកដាក់ខ្ពស់ របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំង សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា។


គោលបំណងតបស្នងគុណបំណាច់ ដល់អតីតយុទ្ធជនទាំងអស់ ដែលពួកគាត់សុទ្ធតែមានគុណសម្បត្តិចំពោះជាតិមាតុភូមិ តាមរយៈការលះបង់កម្លាំងកាយចិត្ត និងជីវិតដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ។
ដើម្បីធានាបាននូវការងារប្រកបដោយប្រសិទ្ធភាព និងគុណភាព ឯកឧត្តមបានផ្តល់ការណែនាំដោយ
ការក្រើនរម្លឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ចុះជួយ និងគិតគូរខ្ពស់ដល់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីឱ្យពួកគាត់មានជីវភាពកាន់តែប្រសើរឡើង។
ការជំរុញការងារសាងសង់ ដោយជំរុញដល់ក្រុមការងារជាងសាងសង់ផ្ទះទាំងអស់ ត្រូវខិតខំសាងសង់ផ្ទះឱ្យបានលឿន និងមានគុណភាពល្អ ស្របតាមស្តង់ដារកំណត់ ដើម្បីអាចប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជនបានទាន់ពេលវេលា។


ជាមួយនោះ ឯកឧត្តម ក៏បានណែនាំដល់គ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការប្រកបរបរកសិកម្ម និងប្រកបអាជីវកម្មផ្សេងៗ ស្របតាមសក្តានុពលក្នុងសហគមន៍ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងធ្វើឱ្យជីវភាពកាន់តែល្អប្រសើរ ក្រោយពីទទួលបានផ្ទះសម្បែង និងដីធ្លី។
គ្រួសារអតីតយុទ្ធជនដែលទទួលបានផ្ទះនៅមណ្ឌលតេជោសន្តិភាពនេះ បានបង្ហាញនូវ ក្តីរំភើប និងការដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត។
ការថ្លែងអំណរគុណ ចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ដែលបានគិតគូរផ្តល់ផ្ទះ និងដីធ្លីលំនៅឋានសមរម្យ ធ្វើឱ្យពួកគាត់មានភាពកក់ក្តៅ និងមានសេចក្តីថ្លៃថ្នូរ ក្នុងជីវភាពជាថ្មី។ ការលើកកម្ពស់ជីវភាព តាមរយៈការទទួលបានផ្ទះសម្បែង និងឱកាសក្នុងការធ្វើកសិកម្ម ដើម្បីជាមធ្យោបាយបង្កបង្កើនផលសម្រាប់ចិញ្ចឹមជីវិតតទៅមុខ។

ការប្តេជ្ញាចិត្ត នឹងអនុវត្តតាមការណែនាំរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងការខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។
សូមបញ្ជាក់ថា ដំណើរចុះពិនិត្យការដ្ឋានសាងសង់ផ្ទះនេះ គឺជាការបន្តអនុវត្តនូវគោលនយោបាយមនុស្សធម៌ និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល ក្នុងការលើកស្ទួយជីវភាព និងផ្តល់ភាពកក់ក្តៅដល់អតីតយុទ្ធជនដែលបានបូជាដើម្បីជាតិមាតុភូមិ៕
ដោយ៖ ឈុន សារ៉ាត





