ក្រុមហ៊ុនចិនមានគម្រោងចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍កម្ពុជាលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារ
AKP ភ្នំពេញថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤– ក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដែលមានសាខាជាង៥០០នៅទូទាំងប្រទេសចិនបានចាប់អារម្មណ៍ និងមានគម្រោងចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួទេសចរណ៍កម្ពុជាលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងគ្រប់គ្រងសណ្ឋាគារ។

នេះបើតាមលទ្ធផលនៃជំនួបរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាជាមួយលោកស្រី Hu Heng ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃក្រុមហ៊ុនសេដ្ឋកិច្ចអន្តរជាតិ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស នៃសាធារណរដ្ឋប្រជាមានិតចិននៅទីស្តីការក្រសួង នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនចិនខាងលើចំពោះគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យទេសចរណ៍ជាមួយក្រសួងទេសចរណ៍កម្ពុជា ជាពិសេសការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន ជំនាញវិជ្ជាជីវៈថ្នាក់ទេសចរណ៍ឆ្លាតវៃ និងការគ្រប់គ្រងសណ្ឋាគារដល់សិស្សនិស្សិតដើម្បីលើកកម្ពស់គុណភាពអប់រំ និងដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផងដែរ។

ឯកឧត្តម ហួត ហាក់ និងលោកស្រីប្រធាននាយកដ្ឋានក្រុមហ៊ុនក៏បានឯកភាពគ្នាលើការជួយបណ្តុះបណ្តាលសមត្ថភាពភាសាចិនសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន និងបើកវគ្គបណ្តុះបណ្តាលសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ឱ្យបានច្រើនដើម្បីបំពេញតម្រូវការភ្ញៀវទេសចរណ៍ចិន ព្រមទាំងធ្វើការទំនាក់ទំនងជាមួយដៃគូរពីប្រទេសចិន ក្នុងការរៀបចំជាសន្និសីទផ្លាស់ប្តូរវិស័យទេសចរណ៍ពាក់ព័ន្ធ និងការអប់រំវិជ្ជាជីវៈទេសចរណ៍អន្តរជាតិធំៗនៅកម្ពុជា ដោយក្រសួងសូមស្វាគមន៍ និងរីករាយជួយសហការសម្របសម្រួលជូនដល់ក្រុមហ៊ុនផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





