វគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
AKP ភ្នំពេញថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៥– កាលពីព្រឹកថ្ងៃព្រហស្បតិ៍២កើតខែកត្តិកឆ្នាំម្សាញ់សប្ដស័កព.ស២៥៦៩ ត្រូវ នឹងថ្ងៃទី23ខែតុលាឆ្នាំ2025 នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឯកឧត្តម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលអភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ-ចៅសង្កាត់ និងស្មៀនឃុំទូទាំងខេត្តតាកែវចូលរួមផងដែរ។

មានប្រសាសន៍សំណេះសំណាលនៅពេលនោះ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាមានសន្តិភាពពេញលេញឆ្នាំ1998 តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។រាជរដ្ឋាភិបាលបានដាក់ចេញនិងអនុវត្តន៍ដោយជោគជ័យ នូវយុទ្ធសាស្ត្រត្រីកោណនិងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ដែលសម្រេចបានសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ទាំងនយោបាយសង្គមនិងសេដ្ឋកិច្ច។

ឯកឧត្តម អេង ទូច បានមានប្រសាសន៍បន្តថា ដោយផ្អែកលើសមិទ្ធផលដ៏ធំធេងទាំងនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យនិងថាមពល របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានបន្តយន្តការក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីបន្តការផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយអត្ថិភាព និងវិធានការនានារបស់រាជរដ្ឋាភិបាល ឲ្យបានសកម្មផុលផុសនៅតាមមូលដ្ឋានទូទាំងប្រទេស។ព្រមទាំងជំរុញការដោះស្រាយសំណើសំណូមពរ និងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន។ដើម្បីបម្រើផលប្រយោជន៍សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងចូលរួមជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ឲ្យឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2050។

ឯកឧត្តម អេង ទូច ក៏បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមឲ្យសកម្ម ព្រមទាំងធ្វើការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ឲ្យបានផុលផុស និងទទួលយកចំណេះដឹងថ្មីៗបន្ថែម។ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពការងារ ក្នុងនាមជាសេនាធិការរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។ដែលជាការចូលរួមពង្រឹងនិងលើកកម្ពស់ ប្រសិទ្ធភាពការងារចុះមូលដ្ឋាន ក៏ដូចជាការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋានខេត្តតាកែវទាំងមូលផងដែរ៕
ដោយ៖ តាកែវ អ៊ុច សៀង





