ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងតែងបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាព្រះនិម្មិតរូបដ៏រឹងមាំនៃឯករាជ្យ ឯកភាពជាតិ
AKP ភ្នំពេញថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៥– ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងខ្លឹមសារនៃសារថ្វាយព្រះពរចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសនៃព្រះរាជពិធីខួបលើកទី២១ ការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខ បានគូសរំលេចថា ក្រោមព្រះបារមីដ៏ពិសិដ្ឋនៃព្រះបរមសិរីរាជសម្បត្តិ និងទសពិធរាជធម៌ដ៏ថ្លៃថ្លារបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គតែងបានគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងជាព្រះនិម្មិតរូបដ៏រឹងមាំនៃឯករាជ្យ ឯកភាពជាតិ បូរណ ភាពទឹកដី និងសុខសន្តិភាពសម្រាប់ប្រជារាជារាស្ត្រខ្មែរ និងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល២១ព្រះវស្សាកន្លងមកហើយ។

តបចំពោះព្រះមហាករុណាទិគុណ និងព្រះរាជគុណូបការៈ ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាននេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូកតវេទីយ៉ាងស្មោះស្ម័គ្រជាទីបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គតែងយកព្រះទ័យទុកដាក់ខ្ពស់ និងយកអស់ព្រះកាយពល និងព្រះបញ្ញាញាណបម្រើក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមនៃជាតិមាតុភូមិ និងប្រជារាស្ត្រជាទីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ព្រះអង្គ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





