កងទ័ពជើងគោក កម្ពុជា-សិង្ហបុរី នឹងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥–ដោយមានការអនុញ្ញាតពី ក្រសួងការពារជាតិ អគ្គបញ្ជាការ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសិង្ហបុរី ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម DESMOND CHOO រដ្ឋលេខាធិការក្រសួងការពារជាតិសិង្ហបុរី និង ឯកឧត្តម ឧត្តមនាវីឯក AARON BENG អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី ព្រមទាំងបានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ទោ CAI DEXIAN មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ឱ្យកាន់តែស៊ីជម្រៅ។

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ទៅកាន់សិង្ហបុរីនាពេលនេះ ស្របពេលដែលឆ្នាំ២០២៥ គឺជាខួបអនុស្សាវរីយ៍៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។


ដោយ៖ សំ សាម៉ន, ប្រភព៖ កងទ័ពជើងគោក





