អង្គការ CI រៀបចំសិក្ខាសាលាប្រចាំឆ្នាំ គម្រោងរេដបូកជួរភ្នំក្រវាញកណ្តាល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥–ក្រុមអ្នកសម្របសម្រួល រេដបូកភូមិ (VRFGs) មានតួនាទីសំខាន់ក្នុងការសម្របសម្រួល និងកកៀរគរការចូលរួមរបស់សហគមន៍ មូលដ្ឋានក្នុងការអនុវត្តគម្រោងរេដបូកជួរភ្នំក្រវាញកណ្តាល ជាពិសេសនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តដែលទាក់ទងនឹងការប្រើប្រាស់ថវិកាកាបូនរេដបូកប្រកបដោយតម្លាភាពនៅពេលខាងមុខ។

ដើម្បីគាំទ្រការងារនេះ អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) បានរៀបចំសិក្ខាសាលារេដបូកប្រចាំឆ្នាំ សម្រាប់ក្រុមអ្នកសម្របសម្រួលរេដបូកភូមិ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីតំណាងក្រុមអ្នកសម្របសម្រួលរេដបូកភូមិចំនួន ៧១រូប ក្នុងនោះតំណាងជនជាតិដើមភាគតិច ២៩រូប មកពី ២២ភូមិគោលដៅ ។

ក្នុងសិក្ខាសាលានាថ្ងៃនេះ ក្រុមអ្នកសម្របសម្រួលរេដបូកភូមិ បានពង្រឹងការយល់ដឹង និងរំលឹកបន្ថែមអំពីគម្រោង ចូលរួមកំណត់អាទិភាពតាម សហគមន៍ សម្រាប់ការប្រើប្រាស់ថវិកាកាបូនរេដបូកប្រកបដោយតម្លាភាព និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦។ ពួកគាត់ចូលរួមយ៉ាងសកម្មក្នុងការជជែកពិភាក្សា ផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តគម្រោងរេដបូករយៈពេលវែង និងកំណត់អាទិភាពសហគមន៍សម្រាប់ការចូលរួមក្នុងសកម្មភាពគម្រោងរេដបូកជួរភ្នំក្រវាញកណ្តាលសម្រាប់ឆ្នាំ២០២៦។

សិក្ខាកាមក៏បានទទួលដែរនូវឯកសារពាក់ព័ន្ធពីគម្រោងដែលរួមមាន សេចក្តីសង្ខេបបរិយាយឯកសារគម្រោង សេចក្តីសង្ខេបផែនការតាមដានផលប៉ះពាល់ សហគមន៍ សេចក្តីសង្ខេបយន្តការចែករំលែកផលប្រយោជន៍ សេចក្តីសង្ខេបផែនការតាមដានជីវៈចម្រុះ ប្រព័ន្ធធានាសុវត្ថិភាព និងលទ្ធផលនៃការតាមដានក្នុងឆ្នាំ២០២៥ ៕
ដោយ៖ ណយ នឿន (ប្រភព៖CI)





