លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញ ជាអធិបតីក្នុងកម្មវិធីតាំងពិព័រណ៍ស្តីពី «មិនអាចប្រកែកបាន៖ ឆ្លុះបញ្ចាំងអំពីកេរដំណែលនៃការរៀបការដោយបង្ខំ និងអំពើហិង្សាផ្លូវភេទ»
AKP ភ្នំពេញ ថ្ងៃ២៤ ខែតុលា ឆ្នាំ២០២៥--ការតាំងពិព័រណ៍នេះ គឺជាស្មារតីសម្រាប់អ្នកចូលរួម និងសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យបានស្វែងយល់កាន់តែច្បាស់ពីដំណើរការស្វែងរកការពិត និងយុត្តិធម៌សម្រាប់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ជាពិសេសឧក្រិដ្ឋកម្មអំពើហិង្សាផ្លូវភេទ និងយេនឌ័រ ដែលត្រូវបានលាក់បាំងអស់ជាច្រើនទសវត្សរ៍។ សង្ឃឹមថា កម្មវិធីតាំងពិព័រណ៍នេះនឹងបន្តរៀបចំបន្ថែមទៀត ដើម្បីជាវេទិកានៃការទំលាយភាពស្ងៀមស្ងាត់ នៃអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម រវាងជនរងគ្រោះដែលរស់រានមានជីវិត និងយុវជនជំនាន់ក្រោយ ក្នុងការយល់ច្បាស់ និងចូលរួមបង្ការ ទប់ស្កាត់អំពើជ្រុលនិយម និងការកើតឡើងវិញនៃអតីតកាលដ៏ខ្មៅងងឹតរបស់កម្ពុជានាពេលអនាគត។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីតាំងពិព័រណ៍ស្តីពី «មិនអាចប្រកែកបាន៖ ឆ្លុះបញ្ចាំងអំពីកេរដំណែលនៃការរៀបការដោយបង្ខំ និងអំពើហិង្សាផ្លូវភេទ» នៅមជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកឡើងពីបទពិសោធរបស់ក្រសួងកិច្ចការនារី ក្នុងការអនុវត្តការងារទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងការរំលោភសេពសន្ថវៈ តាមរយៈវិធីសាស្រ្ត និងការសម្របសម្រួលនានា ដូចជាកម្មវិធីសុវត្ថិភាពឱ្យដល់ជនរងគ្រោះសម្រាប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងកម្មវិធីជជែកពិភាក្សា,រៀនសូត្រតាមអ៊ីនធឺណេត ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕



ដោយ៖ ពេជ្រ សំអឿន( ប្រភព៖ក្រសួងកិច្ចការនារី )





