ប្រធានាធិបតីបារាំង និងស្លូវេនីអំពាវនាវឱ្យមានរដ្ឋឯករាជ្យប៉ាឡេស្ទីន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រធានាធិបតីស្លូវេនី បានឱ្យដឹងថា ប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាក្រុន (Emmanuel Macron)និងប្រធានាធិបតីស្លូវេនី លោកស្រី ណាតាសា ភៀក មូសារ (Natasa Pirc Musar) បានសម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សាបច្ចុប្បន្ននឹងបើកផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។
មេដឹកនាំទាំងពីរបានសម្តែងការគាំទ្រចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា ដោយនិយាយថាវាគួរតែសម្គាល់នូវ «ជំហានដំបូងឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងស្ថិរភាពនយោបាយដែលនាំទៅរករដ្ឋប៉ាឡេស្ទីនឯករាជ្យ ក៏ដូចជាសន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់នៅក្នុងតំបន់»។ ពួកគេក៏បានគូសបញ្ជាក់ពីតម្រូវការក្នុងការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព និងធានានាំយកជំនួយមនុស្សធម៌ និងសុវត្ថិភាពជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា។
ប្រទេសស្លូវេនីបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅក្នុងខែមិថុនាឆ្នាំ២០២៤ បន្ទាប់មកគឺប្រទេសបារាំងនៅក្នុងខែកញ្ញា ឆ្នាំ២០២៥។ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ប្រទេសស្លូវេនី លោក ម៉ាក្រុន ក៏បានចូលរួមកិច្ចប្រជុំកំពូល MED9 នៃរដ្ឋសមាជិកមេឌីទែរ៉ាណេ និងសហភាពអឺរ៉ុបខាងត្បូងចំនួន ៩នៅទីក្រុងព័រតូរូស។ក្រោយមក លោកបានជួបជាមួយនាយករដ្ឋមន្ត្រីស្លូវេនី លោក រូបឺត ហ្គោឡុប (Robert Golob) ដោយភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច។ លោក ម៉ាក្រុន បាននិយាយថាសហភាពអឺរ៉ុបគួរតែពង្រឹងការតភ្ជាប់ថាមពល និងជំរុញការប្រកួតប្រជែង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





