ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះពិនិត្យមើលការសាងសង់ផ្ទះថ្មីជូនក្រុមគ្រួសារអតីតយុទ្ធជននៅស្រុកកំពង់ស្វាយ
AKPកំពង់ធំថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៥--ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះពិនិត្យមើលការសាងសង់ផ្ទះថ្មីជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានដីនិង មាន ជម្រក ស្នាក់ នៅ មិន សម រម្យនៅស្រុកកំពង់ស្វាយខេត្តកំពុងធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៣ខែតុលាឆ្នាំ២០២៥បានដឹកនាំសហការីចុះពិនិត្យមើលដំណើរការនៃការសាងសង់ផ្ទះថ្មីជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាតាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាជូនក្រុមគ្រួសារអតីតយុទ្ធជនដែល មាន ជម្រក ស្នាក់ នៅ មិន សម រម្យ នៅភូមិមហរឃុំជ័យស្រុកកំពង់ស្វាយខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ផ្ទះថ្មីដែលកំពុងដំណើរការសាងសង់នេះ មានទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រសាងសង់ពីសសរបេតុង ឆ្អឹងដែករនាបក្រាលក្តារជញ្ជាំងស្មាតប៊តដំបូលប្រក់ស័ង្កសីកិនភ្លីហើយនៅផ្នែកខាងក្រោយមានតសំយាបផ្ទះបាយប្រវែង៣ម៉ែត្របន្ថែមទៀតនិងមានបង្គន់អនាម័យ០១ខ្នងផងដែរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ផ្ដល់ជូនដល់អតីតយុទ្ធជនដែលមានដីតែមានជម្រកស្នាក់នៅមិនសមរម្យ ។

លោក ព្រំ ធីម អាយុ៥០ឆ្នាំជាអតីត យុទ្ធ ជន ពិការ ដោយ សារ សង្គ្រាមនិង ក្រុមគ្រួសារមាន សមាជិកចំនួន ៦ នាក់ដែលមានដីហើយ មាន ជម្រក ស្នាក់ នៅ មិន សម រម្យ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត រកអ្វីប្រៀបផ្ទឹមពុំបានចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវដែលបានឧបត្ថម្ភផ្ទះថ្មីជូនគាត់បានរស់នៅសមរម្យនៅពេលនេះនិងសូមគោរពជូនពរសម្ដេចនិងលោកជំទាវព្រមទាំងក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាកគ្រប់បែបយ៉ាងជូនដល់អតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំទាំងមូលនាពេលកន្លងទៅ ក៍ដូចជានៅពេលបច្ចុប្បន្ននេះបានយ៉ាងល្អប្រសើរ និងសូមគោរពជូនពរសម្ដេចលោកជំទាវនិងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅគ្រប់លំដាប់ថ្នាក់សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ ស៊ុម វណ្ណា





