អាស៊ានផ្តល់អាទិភាពទៅលើការដោះស្រាយបញ្ហាពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ -- កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខនឹងឈានចូលដំណាក់កាលកណ្តាល ខណៈដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ប្រព្រឹត្តិទៅនៅចុងសប្តាហ៍នេះ ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ និងធ្វើឱ្យសមាហរណកម្មក្នុងតំបន់កាន់តែស៊ីជម្រៅ ចំពេលដែលបរិយាកាសពិភពលោកកំពុងមានការប្រកួតប្រជែង។
ដូចដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិBernama របស់ម៉ាឡេស៊ី រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក ហ្សាហ្រ្វុល អាប់ឌុល អាហ្ស៊ីស (Zafrul Abdul Aziz) បាននិយាយថា លទ្ធផលសេដ្ឋកិច្ចអាទិភាពចំនួន១៨ (PEDs) នៅក្រោមសសរស្តម្ភសេដ្ឋកិច្ចរបស់ប្លុកនេះនឹងក្លាយជាចំណុចស្នូលនៃកិច្ចពិភាក្សា ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការការពារពាណិជ្ជកម្មការវិនិយោគ ស្ថិរភាពសេដ្ឋកិច្ច និងការកើនឡើងនៃភាពតានតឹងផ្នែកសេដ្ឋកិច្ច។
លោកបាននិយាយថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នឹងកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមទាំងការបញ្ចប់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទៅវិញទៅមក (ART) រវាងសហរដ្ឋអាមេរិក និងសមាជិកអាស៊ានដែលត្រូវបានជ្រើសរើស ការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)។
លោក ហ្សាហ្រ្វុល បាននិយាយថា អាស៊ានក៏នឹងរៀបចំកិច្ចប្រជុំភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) លើកដំបូង ចាប់តាំងពីការចុះហត្ថលេខាលើកតិកាសញ្ញានេះមក ដោយនាំយកប្លុកនេះជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ធ្វើការវាយតម្លៃអំពីវឌ្ឍនភាពក្នុងតំបន់ក្នុងការពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។
យោងតាមរូបលោក បានឱ្យដឹងថា ជាដំបូង រដ្ឋជាសមាជិកអាស៊ាននឹងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីសន្តិសុខសេដ្ឋកិច្ច ដោយគូសបញ្ជាក់ពីរបៀបដែលពាណិជ្ជកម្ម និងការវិនិយោគត្រូវបានផ្សារភ្ជាប់កាន់តែខ្លាំងឡើងទៅនឹងស្ថិរភាពក្នុងតំបន់។
ពាណិជ្ជកម្មក្នុងតំបន់របស់អាស៊ានបច្ចុប្បន្នមានប្រហែល ២៤% នៃពាណិជ្ជកម្មសរុប ដែលមានផលិតផលសរុបក្នុងស្រុករួមគ្នាប្រមាណជិត៣,៨ពាន់ពាន់លានដុល្លារអាម៉េរិក និងមានប្រជាជនសរុបចំនួន ៦៨០លាននាក់៕





