ម៉ាឡេស៊ីលើកកម្ពស់តួនាទីស្នូលរបស់អាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ីនឹងពង្រឹងតួនាទីស្នូលរបស់អាស៊ានក្នុងការដឹកនាំការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ខណៈដែលប្រទេសនេះកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំមេដឹកនាំនៃកិច្ចព្រមព្រៀង RCEP លើកទី៥ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧។
ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំកំពូល DHL GoTrade 2025 នៅទីក្រុងគូឡាឡាំពួ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា សម្រាប់អាស៊ាន កិច្ចព្រមព្រៀង RCEP មិនមែនត្រឹមតែការរៀបចំសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបញ្ជាក់ជាយុទ្ធសាស្ត្ររបស់តំបន់សម្រាប់ការការបើកចំហដែលនៅតែជាមាគ៌ារបស់យើងទៅកាន់វិបុលភាពរួម។
ដូច្នេះ ម៉ាឡេស៊ីចង់ឱ្យកិច្ចព្រមព្រៀង RCEP បម្រើមិនត្រឹមតែផលប្រយោជន៍របស់សាជីវកម្មពហុជាតិធំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់សហគ្រាសធុនតូច និងមធ្យម (SMEs) កម្មករនិងសហគមន៍របស់យើងផងដែរ។
យោងតាមលោកនាយករដ្ឋមន្រ្តី ភាពជោគជ័យនៃកិច្ចព្រមព្រៀងRCEP នឹងអាស្រ័យលើសមត្ថភាពរបស់អាស៊ានក្នុងការបកប្រែការប្តេជ្ញាចិត្តទៅជាឱកាស ដែលរួមបញ្ចូលទាំងការដោះស្រាយឧបសគ្គមិនមែនពន្ធ ការលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម និងការធានាថាសេដ្ឋកិច្ចឌីជីថលការផ្លាស់ប្តូរបៃតង និងវិស័យសេវាកម្មត្រូវបានរួមបញ្ចូលយ៉ាងពេញលេញទៅក្នុងក្របខ័ណ្ឌ។
លោកបានសង្កត់ធ្ងន់ថា ដើម្បីលើកកម្ពស់ចក្ខុវិស័យនៃការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ អាស៊ានជាពិសេសពិភពលោកត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះកិច្ចព្រមព្រៀង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុតរបស់ពិភពលោក ដែលរួមចំណែកប្រមាណជិតមួយភាគបីនៃផលិតផលក្នុងស្រុកសរុប និងពាណិជ្ជកម្មសកលលោក។
ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP រួមមានប្រទេសអាស៊ានចំនួនដប់ និងដៃគូកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរួមមានប្រទេសចិនជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





