ប្រេស៊ីល និងអាស៊ាន រួមគ្នាដើម្បីអនាគតរុងរឿង និងសន្តិភាព
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ -- ប្រធានាធិបតីប្រេស៊ីល លោក ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva) នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដែលនេះជាលើកទីមួយហើយដែលប្រមុខរដ្ឋប្រេស៊ីលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ ប្រទេសប្រេស៊ីល និងតំបន់អាស៊ីអាគ្នេយ៍កំពុងធ្វើការងារដើម្បីពង្រឹងភាពជាដៃគូរបស់ពួកគេដោយផ្អែកលើគោលដៅរួមនៃកំណើនប្រកបដោយចីរភាព ការផ្លាស់ប្តូរថាមពល និងបរិយាប័ន្នសង្គម។
លោកប្រធានាធិបតីប្រេស៊ីលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅក្នុងកិច្ចសម្ភាសន៍មួយថា ភាពជាដៃគូរវាងប្រទេសប្រេស៊ីលនិងអាស៊ានបានបង្ហាញពីរបៀបដែលអនាគតនៃសន្តិភាព ស្ថិរភាព និងកំណើនប្រកបដោយចីរភាពអាចត្រូវបានកសាងឡើង។ ជាមួយនឹងសេដ្ឋកិច្ចដែលបំពេញបន្ថែមប្រកបដោយថាមវន្ត និងចក្ខុវិស័យរួមគ្នានៃសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយយុត្តិធម៌ និងបរិយាប័ន្ន យើងបង្ហាញពីរបៀបដែលកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនៅក្នុងសកលលោកខាងត្បូងអាចតភ្ជាប់និងបង្កើតផលប្រយោជន៍ទៅវិញទៅមក។
លោកបាននិយាយបន្ថែមថា «ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះពាណិជ្ជកម្មរវាងប្រទេសប្រេស៊ីល និងអាស៊ានបានកើនឡើងជាង ១៦ដង។ក្នុងឆ្នាំ២០០០ លំហូរពាណិជ្ជកម្មរបស់យើងមានចំនួន ២,៣ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងឆ្នាំ២០២៤ វាឈានដល់ ៣៧,២ពាន់លានដុល្លារអាម៉េរិក។ យើងមានការផ្តល់ជូនជាច្រើន និងទទួលបានច្រើននៅក្នុងតំបន់ ហើយទំនាក់ទំនងពាណិជ្ជកម្មរបស់យើងអាចរីកចម្រើនកាន់តែខ្លាំង។ដើម្បីពង្រឹងទំនាក់ទំនងទាំងនេះបន្ថែមទៀត ខ្ញុំនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃអាទិត្យក្រោយនេះនៅក្នុងប្រទេសម៉ាឡេស៊ី។ វានឹងក្លាយជាការចូលរួមលើកទីមួយ ដែលប្រធានាធិបតីប្រេស៊ីលចូលរួមក្នុងព្រឹត្តិការណ៍នេះ»។
ទំនាក់ទំនងធុរកិច្ចរបស់យើង គឺគ្រាន់តែជាផ្នែកមួយនៃភាពជាដៃគូដ៏ទូលំទូលាយ។ ការអនុម័តនៅក្នុងឆ្នាំ២០២៣ នៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការជាក់ស្តែង (ឆ្នាំ២០២៤-២០២៨) បានបង្ហាញពីវិសាលភាពនៃរបៀបវារៈរួមរបស់យើង ដែលផ្តល់នូវមធ្យោបាយដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងជំរុញការផ្លាស់ប្តូរថាមពលនិងការផ្លាស់ប្តូរឌីជីថល៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





