កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានប្រារព្ធឡើងនៅមុនពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧
AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ -- កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន(SOM) និងវគ្គត្រៀមរៀបចំពាក់ព័ន្ធបានធ្វើពិធីបើកកាលពីថ្ងៃទី២៣ខែតុលា ឆ្នាំ២០២៥ ដោយដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកម្រិតខ្ពស់ពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។
សម័យប្រជុំទាំងនេះនឹងត្រួសត្រាយផ្លូវសម្រាប់ការចូលរួមថ្នាក់រដ្ឋមន្ត្រីកម្រិតខ្ពស់ ដែលចាប់ផ្តើមពីថ្ងៃទី២៤ ខែតុលា ដែលមានវត្តមានជាអធិបតីរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)ជាប្រធានអាស៊ានឆ្នាំ២០២៥។
កិច្ចប្រជុំដែលកំពុងដំណើរនេះ គឺជាកិច្ចប្រជុំគណៈកម្មាធិការអ្នកតំណាងអចិន្ត្រៃយ៍ (CPR) ប្រចាំអាស៊ាន ដែលត្រូវចូលរួមដោយឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន លោក ណាតេស៊ីអា ស៊ីព្រីអាណា កូអ៊ែលហូ ដា ស៊ីលវ៉ា (Natércia Cipriana Coelho da Silva) និងអគ្គលេខាធិការរងនៃសហគមន៍នយោបាយ-សន្តិសុខអាស៊ាន (APSC) លោក អាស្តាណាហ៍ អាប់ឌុល អាហ្ស៊ីស (Astanah Abdul Aziz)។
កិច្ចប្រជុំ CPR នឹងពិនិត្យមើលទៅលើវឌ្ឍនភាពនៃសសរស្តម្ភនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៍របស់អាស៊ាន ខណៈដែលរៀបចំឯកសារនានាសម្រាប់ការអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល។
ទន្ទឹមនឹងនោះដែរ កិច្ចពិភាក្សាពេលល្ងាច គឺជាកិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ានរួម SOM-SEOM និងពិធីអាហារស្វាគមន៍មេដឹកនាំ SOM អាស៊ាន មេដឹកនាំ SOM ទីម័រឡេស្តេ និង ASEAN DSG APSC ដែលរៀបចំឡើងដោយអគ្គលេខាធិការក្រសួងការបរទេស និងមេដឹកនាំ SOM អាស៊ាននៃប្រទេសម៉ាឡេស៊ី លោក អាំរ៉ាន់ ម៉ូហាម៉េដ ហ្ស៊ីន (Amran Mohamed Zin)។
ក្រោមប្រធានបទប្រធានអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម៉ាឡេស៊ី ស្តីពី «បរិយាប័ន្ន និងនិរន្តរភាព» កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបានកំណត់ថាជាកិច្ចប្រជុំដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្រ្តរបស់ប្លុកនេះ ដោយបម្រើជាវេទិកាដ៏សំខាន់មួយដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ខណៈដែលការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកប្រកបដោយភាពស្អិតរមួត និងបរិយាប័ន្ន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





