ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣១គ្រួសារនៅក្នុងឃុំអំពិល ទទួលបានស្បៀងអាហារពីព្រះគ្រូចៅអធិការវត្តប្រាសាទចន្ទរង្សី
AKP សៀមរាប ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥-- ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣១គ្រួសារ មកពីភូមិចំនួន៥ របស់ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានទទួលអំណោយមនុស្សធម៌ ពីព្រះគ្រូចៅ
អធិការវត្តប្រាសាទចន្ទរង្សី ហៅវត្តគោកចាន់។


ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះគ្រូចៅអធិការវត្តប្រាសាទចន្ទរង្សី និងជាព្រះសមុហ៍គណខេត្តសៀមរាប មានសង្ឃដីកាថា ព្រះពុទ្ធសាសនា ផ្សារភ្ជាប់នឹងសង្គម ហើយអ្វីដែលព្រះសង្ឃដែលអាចជួយទៅបាន គឺនៅពេលដែលមើលឃើញអំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទគឺជាទុក្ខលំបាករបស់ព្រះសង្ឃដែរ ពីព្រោះព្រះសង្ឃរស់នៅបាន គឺអាស្រ័យនឹងពុទ្ធបរិស័ទផងដែរ។ ជាការពិតសព្វសត្វ អាចទ្រទ្រង់ជីវិតបានអាស្រ័យលើអាហារជាចាំបាច់។


ព្រះតេជគុណបានមានសង្ឃដីកាបន្តថា អំណោយដែលបានធ្វើការប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គ្រាន់តែជាចំណែកតូចមួយជួយរំលែកការលំបាកមួយគ្រាៗតែប៉ុណ្ណោះ មិនអាចឆ្លើយតបតាមសេចក្តីខ្វះខាតរបស់បងប្អូនឡើយ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋយើងនៅផ្ទះសូមធ្វើការដាំបន្លែបង្កាគ្រប់មុខក្នុងដីរបស់ខ្លួនបន្ថែមទៀតដើម្បីកុំឱ្យមានការខ្វះខាតហូបចុក ព្រោះថាបន្លែបង្កាដែលយើងបានដាំគឺអាចជួយសម្រាលជីវភាពបាន ហើយសំខាន់ បើចង់រួចផុតពីសេចក្តីទុក្ខគឺត្រូវខំប្រឹងព្យាយាម និងកែខៃមុខរបរអាជីវកម្មឲ្យស្របតាមសមត្ថភាពរបស់ខ្លួន៕

ដោយ ឃុត សៅ





