ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ស្នើឱ្យជប៉ុនបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌ ដើម្បីបន្តផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានស្នើឱ្យប្រទេសជប៉ុនបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌ ដើម្បីបន្តផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា និងអញ្ជើញសមាជិកសភាជប៉ុនមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តមបណ្តិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានស្នើបែបនេះ ខណៈឯកឧត្ដមទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម AISAWA Ichiro សមាជិកសភានៃប្រទេសជប៉ុន នៅអគាររដ្ឋសភាជប៉ុន(The National Diet Building) នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។

តំណាងឱ្យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឈរនៅជាមួយកម្ពុជា និងបានចូលរួមយ៉ាងសំខាន់នៅក្នុងដំណើរកសាងសន្ថិភាព និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ដែលក្នុងនោះផងដែរ វិនិយោគរបស់ជប៉ុនបានផ្តល់ការងារជាច្រើនដល់ប្រជាជនខ្មែរ។

លើសពីនេះ និស្សិតខ្មែរជាច្រើនបានមកបន្តការសិក្សានៅប្រទេសជប៉ុន ដែលធ្វើឱ្យធនធានមនុស្សនៅកម្ពុជា កាន់តែរីកចម្រើន និងចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានអញ្ជើញឯកឧត្តម AISAWA Ichiro រួមជាមួយសភាពាណិជ្ជកម្មរបស់ ទីក្រុង Okayama ធ្វើទស្សនកិច្ចមកកាន់កម្ពុជា ដើម្បីស្វែងយល់ច្បាស់អំពីឱកាសវិនិយោគនៅកម្ពុជា។ ប្រទេសជប៉ុន នៅក្នុងភាពជោគជ័យនៃសកម្មភាពមីនកម្ពុជា និងស្នើឱ្យជប៉ុនបន្តគាំទ្រកម្ពុជាក្នុងសកម្មភាពមីនមនុស្សធម៌ ដើម្បីបន្តផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា។

ឯកឧត្តម AISAWA Ichiro បានអរគុណចំពោះភាពរីកចម្រើនជាទីកត់សម្គាល់របស់កម្ពុជា និងបានបង្ហាញជំហរបន្តភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា។ កម្ពុជាបានផ្តល់ទំនុកចិត្ត និងបានបញ្ជូននិស្សិតឆ្នើមជាច្រើនមកបន្តការសិក្សានៅប្រទេសជប៉ុន ហើយកម្ពុជានឹងបន្តបញ្ជូននិស្សិតមកសិក្សាឱ្យកាន់តែច្រើន ជាពិសេសមន្ត្រីរាជរដ្ឋាភិបាលរបស់កម្ពុជា។

ឯកឧត្តមបានសន្យាថានឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅពេលខាងមុខ រួមជាមួយសភាពាណិជ្ជកម្មរបស់ទីក្រុង Okayama ដើម្បីស្វែងរកឧកាសវិនិយោគនៅកម្ពុជា៕
ដោយ សួស សំរិត





