ឯកឧត្តម ឯក ឃុនដឿន ស្នើឱ្យអភិបាលខណ្ឌ និងអធិការខណ្ឌប្ញស្សីកែវចុះពិនិត្យ និងចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលម្នាក់ដើរប្រមូលយកលុយ ឬភាស៊ីពីអាជីវករយ៉ាងអាណាធិបតេយ្យ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥-- ឆ្លើយតបតំណាងអាជីវករផ្សារគីឡូម៉ែត្រលេខ៩ ដែលស្នើឱ្យអាជ្ញាធរចុះពិនិត្យករណី មានបុគ្គលម្នាក់អះអាងថាខ្លួនជាប្រធានផ្សារគីឡូម៉ែត្រលេខ៩ហើយដើរប្រមូលយកលុយ ឬភាស៊ីពីអាជីវករយ៉ាងអាណាធិបតេយ្យ ដោយប្រើពាក្យសម្ដីមិនសមរម្យ ដែលបង្កការលំបាក និងការខ្នក់ចិត្តដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋនោះ ឯកឧត្តម ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានស្នើឱ្យអភិបាលខណ្ឌ និងអធិការខណ្ឌប្ញស្សីកែវចុះពិនិត្យ និងបញ្ជាឱ្យចាត់វិធាន ការផ្លូវច្បាប់ ឬឃាត់ខ្លួនប្រសិនបើរកឃើញថា បានប្រព្រឹត្តទង្វើនេះពិតប្រាកដមែន។

ការស្នើរបស់ឯកឧត្តម ឯក ឃុនដឿន អភិបាលរង តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌឬស្សីកែវ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

ឯកឧត្តម ឯក ឃុនដឿន បានបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកំពូល ជាពិសេសសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី រហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្នបានយកចិត្តទុកដាក់ជាខ្លាំងលើសុខទុក្ខបងប្អូនអាជីករ រហូតចេញបទបញ្ជាឱ្យលុបបំបាត់ ការយកភាស៊ី ចំពោះអ្នកលក់ដូរ តាមកញ្ច្រែង កញ្ជើ ឬល្អីជាដើម ជាពិសេសលុបបំបាត់ភាស៊ីខុសច្បាប់តែម្តង។ ដូច្នេះសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធចុះអនុវត្តស៊ើបអង្កេត និងឃាត់ខ្លួនជនបង្កនោះតែម្តង ដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់ ចំពោះជនឆ្លៀតឱកាសបែបនេះ។

ឯកឧត្តម ឯក ឃុនដឿន បានបញ្ជាក់ថា "ត្រូវប្តេជ្ញាធានាទាំងអស់គ្នា មិនឱ្យជនឆ្លៀតឱកាសណា យកលុយអាណាធិបតេយ្យ លើការលក់ដូរចិញ្ចើមផ្លូវទេ គ្រប់គ្នាទាំងអស់គ្នា មានចាប់ទៅ ចាប់យកមកធ្វើកំណត់ហេតុ សាកសួរ បើអត់មានឯកសារ ឬគោលការណ៍ច្បាស់លាស់ រុញទៅជញ្ជីង សុំគោលការណ៍មេ រុញទៅជញ្ជីងដាក់ទ្រុងទៅ នេះជាកិច្ចការងារមួយដែលយើងត្រូវធ្វើ"។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យប្រជាពលរដ្ឋទាំងអស់រួបរួមសាមគ្គីគ្នាជាថ្លុងមួយ ក្នុងពេលដែលប្រទេសជាតិ កំពុងប្រឈមនឹងការឈ្លានពានពីប្រទេសជិតខាង និងឱ្យពលរដ្ឋទាំងអស់ត្រៀមខ្លួន ដើម្បីវាយបកជាមួយនឹងកម្លាំងខាងក្រៅ ដែលញុះញ៉ង់ឱ្យខ្មែរបែកបាក់ និងចង់បំផ្លិចបំផ្លាញកម្លាំងសាមគ្គីរបស់ខ្មែរ។ ក្នុងវេទិកានោះមានប្រជាពលរដ្ឋ១០នាក់ បានលើកឡើងពីសំណូមពរផ្ទាល់មាត់ ក្នុងវេទិកា និងមានជាលាយលក្ខណ៍អក្សរជាច្រើនផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម ឯក ឃុនដឿន បានអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានលើកឡើងនូវសំណូមពរ និងបញ្ហាជាច្រើនដើម្បីជាធាតុចូល ជាមួយអាជ្ញាធរ អាចពិនិត្យនិងដឹងយកទៅដោះស្រាយជូន ក្នុងនោះឯកឧត្តមអភិបាលរងក៏បានទទួលស្តាប់ និងឯកភាពតាមសំណើរជាច្រើន តួរយ៉ាងកិច្ចការផែនការរៀបចំសណ្តាប់ធ្នាប់ផ្សារ និងផ្លូវតែម្តង។
សូមបញ្ជាក់ថា ក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ដល់ការអនុវត្តនូវគោលនយោបាយកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាល តាមរយៈបើកវេទការសាធារណៈតាំងតែពីសង្កាត់ ខណ្ឌ រហូតដល់ថា្នក់ក្រុង ដើម្បីឆ្លើយតបតាមសំណូមពរ របស់ប្រជាពលរដ្ឋ ដែលពួកគាតត្រូវការ នៅមូលដ្ឋានផ្ទាល់៕
ដោយ សួស សំរិត





