លោកជំទាវ ភឿង សកុណា អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥-- នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានរៀបចំបិទវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសិល្បៈ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានធ្វើការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមដែលជាសិល្បករ សិល្បការិនី តារាសម្ដែង អ្នកនិពន្ធ ទាំងក្នុងនិងក្រៅប្រព័ន្ធក្នុងការសិក្សារៀនសូត្រ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ។


ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រីបានស្នើឱ្យសិក្ខាកាមទាំងអស់យកទៅអនុវត្ត និងផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ សំដៅចូលរួមចំណែកក្នុងការលើកកម្ពស់ការពារសិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ និងលើកកម្ពស់សីលធម៌ គុណធម៌ សច្ចធម៌ មានវិជ្ជាជីវៈខ្ពស់ មិនលួចឬថតចម្លងស្នាដៃអ្នកដទៃ ដើម្បីជាឧត្តមភាពបុគ្គល សង្គម និងជាគំរូដ៏ល្អប្រសើរសម្រាប់អ្នកបន្តវេន៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





