ការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុង “Dara Sakor Half Marathon 2025” នឹងប្រព្រឹត្តនៅខេត្តកោះកុង ដើម្បីលើកស្ទួយទេសចរណ៍ឆ្នេរ និងសុខភាពសាធារណៈ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ -- ក្រុមហ៊ុន Coastal City Development Co., Ltd. សហការជាមួយ ក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុង “Darasakor Half Marathon 2025” នៅទីតាំង Darasakor Coastal City ដែលនឹងធ្វើឡើងនៅខេត្ដកោះកុង ដោយមានគោលបំណងលើកស្ទួយការអភិវឌ្ឍទេសចរណ៍ឆ្នេរកម្ពុជា និងលើកទឹកចិត្តសាធារណជនឱ្យចូលរួមកីឡាដើម្បីសុខភាពល្អ។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលត្រូវបានរៀបចំជាការប្រណាំងកីឡាសហគមន៍ដែលនាំឱ្យប្រជាពលរដ្ឋ យុវជន និងគ្រួសារចូលរួមក្នុងសកម្មភាពសប្បាយរីករាយពេលព្រឹក។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍។

ការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងនេះ នឹងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការរួមចំណែកក្នុងការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និងការរស់នៅមានសុខភាពល្អ។
លោកអ្នកអាចចុះឈ្មោះចូលរួមដោយ ឥតគិតថ្លៃ ហើយនឹងទទួលបានអាវយឺត ១ និងមេដាយអនុស្សាវរីយ៍ ១(Finisher Medal) ជាការលើកទឹកចិត្ត។ ចំពោះរង្វាន់សម្រាប់ចំណាត់ថ្នាក់ លេខ១ ទទួលបានទឹកប្រាក់ ៤០០ដុល្លារ, លេខ២ ទទួលបានទឹកប្រាក់ ៣០០ដុល្លារ និងលេខ ៣ ទទួលបានទឹកប្រាក់ ២០០ដុល្លារ។
ជាមួយគ្នានេះ សម្រាប់លក្ខខណ្ឌមួយចំនួនក្នុងការចូលរួមគឺតម្រូវឱ្យអ្នកចូលរួមមានសុខភាពល្អ និងមិនមានជំងឺ ឬសភាពរាងកាយដែលមិនសមស្របសម្រាប់ការរត់ចម្ងាយវែង។ អ្នករៀបចំបានបញ្ជាក់ថា អ្នកចូលរួមត្រូវទទួលខុសត្រូវលើសុខភាពរបស់ខ្លួនផ្ទាល់ ហើយអ្នករៀបចំមិនទទួលខុសត្រូវចំពោះការរងរបួស ឬការបាត់បង់ណាមួយក្នុងអំឡុងពេលប្រណាំងទេ។ ចំពោះការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងនេះ ចម្ងាយ(២១.០៩៧៥គីឡូម៉ែត្រ) អាយុចាប់ពី ១៨ ឆ្នាំឡើង សម្រាប់អ្នកអាជីប, ចម្ងាយ (១០គីឡូម៉ែត្រ) អាយុចាប់ពី១៦ឆ្នាំឡើង សម្រាប់អ្នកកម្សាន្ត និងចម្ងាយ(៥គីឡូម៉ែត្រ/រត់កម្សាន្ត) អាយុចាប់ពី ១៦ឆ្នាំឡើង សម្រាប់អ្នកកម្សាន្ត។
បើតាមការបញ្ជាក់ពីអ្នករៀបចំព្រឹត្តិការណ៍នេះ មិនត្រឹមតែជាសកម្មភាពកីឡាដើម្បីលើកសុខភាពទេ ប៉ុន្តែជាឱកាសសម្រាប់លើកស្ទួយទេសចរណ៍សមុទ្រកម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្កើនការចូលរួមរបស់សហគមន៍ក្នុងការអភិវឌ្ឍប្រទេស។ ការផុតកំណត់ចុះឈ្មោះនៅថ្ងែអាទិត្យទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥៕
ដោយ៖ ឡាច សុជាតា





