រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ: អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម អ៊ឹម សុធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអ្នកវិនិយោគក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ស្វាគមន៍ក្រុមហ៊ុន បងប្អូនអាជីវករ ពាណិជ្ជករដែលមានលិខិតអនុញ្ញាតគោលការណ៍ពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះ សីហនុឆ្នាំ២០២៤ រដ្ឋបាលខេត្តនឹងជួយសម្របសម្រួល ថាតើក្រុមហ៊ុនមានការលំបាក ដើម្បីយើងមានផែនការដោះស្រាយរួមគ្នា។ គោលដៅរបស់រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដោយចែកចេញជា៤តំបន់៖ ១- តំបន់ឧស្សាហកម្ម និងភស្តុភារកម្ម គឺរៀបចំជាសួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ច ពិសេស ពហុបំណង និងជាច្រកចេញ ចូលអន្តរជាតិ រួមទាំងជាមជ្ឈមណ្ឌល ភស្តុភារកម្មជាតិ មានទំនាក់ទំនង ជាមួយទី ផ្សារអាស៊ាន និងសកលលោក។ ២- តំបន់ទីក្រុងសមាហរណកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌល ហិរញ្ញ វត្ថុអន្តរជាតិ។ ៣- តំបន់ទេសចរណ៍ធម្មជាតិ គឺរៀបចំបណ្តាកោះ និងឆ្នេរដ៏ស្រស់ ស្អាតនៅក្នុង ខេត្តឱ្យក្លាយទៅជារមណី យ ដ្ឋានតំបន់ឆ្នេរសមុទ្រដែលមានលក្ខណៈទាក់ទាញ និង៤- តំបន់កសិកម្ម វារីវប្បកម្ម និងការកែច្នៃផលនេសាទ និងកសិផលការចិញ្ចឹមសត្វ និងកសិឧស្សាកម្ម និងបើកចំហរក្នុងការផលិត ដើម្បីឱ្យរដ្ឋបាលខេត្ត និងជួយដោះស្រាយផលិតផលរបស់យើង ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សាក្នុងស្រុក និងធ្វើការនាំចេញ ដូច្នេះយើងរួមគ្នាពង្រឹងសមត្ថភាពផលិតផល រួមគ្នាគាំទ្រផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តភាព។

ឯកឧត្តម អ៊ឹម សុធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្មវត្តុជំរុញការវិនិយោគដោយគាំទ្រផលិតផលក្នុងស្រុក ដែលជាឱកាសបង្កើត បង្កើនផលិតផលក្នុងស្រុកដូច្នេះយើងត្រូវប្រើរយៈពេលវែងប្រកបដោយគុណភាព។ កម្មវត្ថុនាពេលនេះយើងចង់ឱ្យមានការផលិតក្នុងស្រុក និងមានធាតុចូលក្នុងស្រុកឱ្យបានកាន់តែច្រើនដូចជា ១. ជំរុញការផលិតក្នុងស្រុក ដោយពង្រឹងសមត្ថភាពក្មុងការផលិត ការបណ្តុះបណ្តាលជំនាញផ្នែករឹង និងផ្នែកទន់ឱ្យមានវិសាលភាព លើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។ ២. យើងអាចទាក់ទងនឹងធនាគារសហគ្រាសធុនតូច និងមធ្យមដែលមានការប្រាក់ទាប ក្រោមយន្តការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនោះ យើងត្រូវប្រមូលផ្តុំ និងសូមស្វាគមន៍នូវសំណើ សំណូមពររបស់អាជីករចូលរួមក្នុងវេទិកាជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីជំរុញផលិតផលក្នុងស្រុក និងការបណ្តុះបណ្តាលជំនាញពលកម្ម ហើយការងារនេះ យើងចាប់ផ្តើមពីតូច ទៅធំទទួលបានជោគជ័យ។

ឯកឧត្តមអភិបាលខេត្តបានប្រមូលធាតុចូលពីបងប្អូនចូលរួមដែលបានលើកឡើងនូវសំណួរ និងសំណូមពរពាក់ព័ន្ធនឹងការបង្កើនការផលិត ការចិញ្ចឹមត្រី បង្គារផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត និងបន្តនាំចេញទៅកាន់ខេត្ត ក្រុងនៅទូទាំងប្រទេស ហើយកិច្ចប្រជុំនាពេលនេះបានធ្វើការដោះស្រាយរួមគ្នាប្រកបដោយតម្លាភាព និងភាពជឿជាក់ទាំងអស់គ្នា ក្នុងការចូលរួមដោះស្រាយ ជាពិសេសការពង្រឹងសមត្ថភាពផលិតផលក្នុងស្រុក ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារកាន់តែច្រើនបន្ថែមទៀត៕
ដោយ ងូ សុមុនី





