ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ មកពី ក្រុង ស្រុក ក្នុងខេត្តកំពង់ស្ពឺ សរុបចំនួន ១៣១៤នាក់ ដែលមានមេដាយមាសចំនួន៣០៦ មេដាយសំរិទ្ធ៦០២ និងមេដាយប្រាក់៤០៦ ដោយពិធីនេះរៀបចំឡើងនៅបរិវេណសាលាខេត្តកំពង់ស្ពឺ។

ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ ជាអ្នកធានាឱ្យបាននូវគុណភាពអប់រំ និងជាអ្នកតម្រង់ទិសកុមារ និងយុវជនកម្ពុជា ឱ្យក្លាយជាពលរដ្ឋពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេស ស្របតាមយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា។ ចាប់ពីឆ្នាំ២០១៤មក ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់យកកំណែទម្រង់សាលាគរុកោសល្យជាអាទិភាព ធ្វើឱ្យប្រសិទ្ធភាពនៃការបង្រៀននិងរៀនទទួលបានលទ្ធផលល្អ សិស្សមានគុណភាពធ្វើឱ្យការប្រឡងនៅគ្រប់កម្រិតនិងគ្រប់សម័យកាលមានការកើនឡើង ពិសេសការប្រឡងសញ្ញាបត្រទុតិយភូមិសិស្សជាប់និទ្ទេសAច្រើននាក់។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានក្រើនរំលឹកដល់អាជ្ញាធរក្រុងស្រុក និងខេត្ត ពិសេសមន្ទីរអប់រំ យុវជន និងកីឡា បង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់មូលដ្ឋាននិងសហគមន៍ ដើម្បីគៀងគកុមារដែលគ្រប់អាយុបានចូលរៀនគ្រប់ៗគ្នា។ កុមារដែលគ្រប់អាយុចូលរៀនត្រូវតែបញ្ជូនឱ្យចូលសាលា ដើម្បីទទួលបានការអប់រំ។ ដូច្នេះអាជ្ញាធរ ក្រុង ស្រុក ខេត្តនិងមន្ទីរជំនាញត្រូវកៀរគរកុមារគ្រប់អាយុទាំងអស់ ពិសេសត្រូវសម្របសម្រួលគ្រប់នីតិវីធីដើម្បីធ្វើយ៉ាងណាឱ្យកូនៗបងប្អូនពលករដែលទើបវិលត្រឡប់ពីប្រទេសជិតខាង ឱ្យកូនៗរបស់ពួកគាត់បានចូលសាលាគ្រប់ៗគ្នា។

ទន្ទឹមនឹងនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបំពាក់មេដាយជូនលោកគ្រូអ្នកគ្រូ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់គណៈគ្រូបង្រៀនក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ ដែលជាការឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវគុណូបការៈរបស់ពួកគាត់នៅក្នុងវិស័យអប់រំផងដែរ៕
ដោយ លឹម សាន្ត





