លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា លាលែងពីតំណែងជាប្រធានគណបក្សភឿថៃ មុនការបោះឆ្នោត
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ -- អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានលាលែងពីតំណែងជាមេដឹកនាំគណបក្សភឿថៃហើយកាលពីព្រឹកថ្ងៃពុធដោយបានកត់សម្គាល់ថា លោកស្រីនៅតែស្ថិតនៅជាមួយគណបក្សដដែលទេ ហើយការលាលែងនេះត្រូវបានធ្វើឡើងដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសបេក្ខភាពក្នុងរយៈពេល ០៤ខែខាងមុខ។
នៅក្នុងលិខិតសាធារណៈមួយ ដែលបានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកស្រី ផែថុងថាន បានពន្យល់ពីការលាលែងរបស់លោកស្រីថា ជាការចាប់ផ្តើមនៃការផ្លាស់ប្តូរគណបក្សភឿថៃ។
លោកស្រីបាននិយាយថា «ប្រទេសថៃស្ថិតក្នុងដំណាក់កាលអន្តរកាលដ៏សំខាន់បំផុតជាមួយនឹងការបោះឆ្នោតនាពេលខាងមុខ។ ដូច្នេះហើយ គណបក្សភឿថៃដែលជាគណបក្សនយោបាយសំខាន់របស់ប្រទេស ចាំបាច់ត្រូវរុះរើ ផ្លាស់ប្តូរ ផ្លាស់ប្តូររចនាសម្ព័ន ដំណើរការ និងរបៀបគិតគូរទាំងស្រុងដើម្បីឱ្យគណបក្សអាចឈ្នះការបោះឆ្នោត ហើយបន្តធ្វើការរុះរើ និងធ្វើឱ្យប្រទេសថៃរស់ឡើងវិញ»។
ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រីក្មេងបំផុតរបស់ប្រទេសថៃ លោកស្រី ផែថុងថាន ត្រូវបានបោះឆ្នោតជ្រើសរើសកាលពីឆ្នាំមុនក្នុងតំណែងជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃ។ លោកស្រី គឺជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ក៏ធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីថៃនៅចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ ផងដែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





