ចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយសហភាពអឺរ៉ុប ស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ -- មន្ត្រីពាណិជ្ជកម្មកំពូលរបស់ប្រទេសចិនបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការងារជាមួយសហភាពអឺរ៉ុបដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-សហភាពអឺរ៉ុប។
តាមសំណើរបស់ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច លោក ម៉ារ៉ូស សេហ្វកូវីក (Maros Sefcovic) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក វ៉ាង វិនតៅ (Wang Wentao) បានជួបប្រជុំតាមវីដេអូកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មចិន។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាស៊ីជម្រៅទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗរបស់ចិន និងសហភាពអឺរ៉ុប រួមទាំងការត្រួតពិនិត្យការនាំចេញ និងការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុបចំពោះយានយន្តអគ្គិសនីរបស់ចិន។
ទាក់ទងនឹងបញ្ហានៃការគ្រប់គ្រងការនាំចេញរ៉ែកម្រ លោក វ៉ាង បាននិយាយថា វិធានការថ្មីៗរបស់ប្រទេសចិន គឺជាសកម្មភាពធម្មតាដែលធ្វើឡើងស្របតាមច្បាប់ និងបទប្បញ្ញត្តិ ដើម្បីកែលម្អប្រព័ន្ធត្រួតពិនិត្យការនាំចេញរបស់ខ្លួន ដែលបង្ហាញពីការទទួលខុសត្រូវរបស់ប្រទេសជាមហាអំណាចមួយក្នុងការការពារសន្តិភាព និងស្ថិរភាពពិភពលោក។
លោក វ៉ាង បាននិយាយថា ប្រទេសចិនប្តេជ្ញារក្សាសន្តិសុខ និងស្ថិរភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ហើយតែងតែសម្របសម្រួលដំណើរការអនុម័តសម្រាប់បណ្តាក្រុមហ៊ុនរបស់សហភាពអឺរ៉ុប។
លោក សេហ្វកូវីក បាននិយាយថា សហភាពអឺរ៉ុបមានឆន្ទៈក្នុងការសម្របសម្រួលទំនាក់ទំនងរវាងប្រទេសហូឡង់ និងប្រទេសចិន ដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលា និងរួមគ្នាការពារស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
ភាគីទាំងពីរបានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំសម្រាប់ការធ្វើឱ្យប្រសើរឡើងនៃយន្តការកិច្ចសន្ទនាត្រួតពិនិត្យការនាំចេញចិន-សហភាពអឺរ៉ុបនៅទីក្រុងប្រ៊ុចសែលក្នុងពេលឆាប់ៗនេះ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





