មិនទាន់មានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ ស្តីពីជំនួបរវាងលោក ឡាវរ៉ូវ និងលោក រូប៊ីអូ នៅទីក្រុងប៊ូដាប៉េស្ត
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ -- អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេយ រីយ៉ាបកូវ (Sergey Ryabkov) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មិនទាន់មានកិច្ចព្រមព្រៀងណាមួយនៅឡើយទេ ស្តីពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov)និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio)នៅទីក្រុងប៊ូដាប៉េស្ត។
នៅពេលមុននេះ សារព័ត៌មាន CNN ដែលដកស្រង់ប្រភពសេតវិមានរបស់ខ្លួនបានរាយការណ៍ថា កិច្ចប្រជុំរវាងលោក ឡាវរ៉ូវ និងលោក រូប៊ីអូដែលត្រូវបានរៀបចំសម្រាប់ប៉ុន្មានថ្ងៃមុនត្រូវបានពន្យារពេលដោយគ្មានកំណត់។ ក្រោយមក សារព័ត៌មាន FT បានរាយការណ៍ថា កិច្ចប្រជុំបែបនេះអាចប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។ សម្រាប់ផ្នែករបស់ខ្លួន ក្រសួងការបរទេសរុស្ស៊ីបានស្នើសុំប្រព័ន្ធផ្សព្វផ្សាយទាំងអស់កុំផ្សព្វផ្សាយព័ត៌មានដែលមិនមែនជាការពិត។
លោក ឡាវរ៉ូវ ក៏បានកត់សម្គាល់ផងដែរថា ក្នុងអំឡុងពេលសន្ទនាលោកបានព្រមព្រៀងបន្តទំនាក់ទំនងតាមទូរស័ព្ទជាមួយលោក រូប៊ីអូ។នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោកឡាវរ៉ូវ និងលោក រូប៊ីអូ បានពិភាក្សាអំពីជំហានជាក់ស្តែងដែលអាចធ្វើទៅបានដើម្បីអនុវត្តការយល់ដឹងដែលបានឈានដល់ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ រវាងមេដឹកនាំរុស្ស៊ីលោក វ៉ា្លឌីមៀ ពូទីន (Vladimir Putin) និងមេដឹកនាំសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump)៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





