អ្នកការទូតកំពូលរបស់រុស្ស៊ី និងកាហ្សាក់ស្ថាន ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ មុនពេលដំណើរទស្សនកិច្ចរបស់លោក តូកេវ ទៅកាន់ប្រទេសរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេយ ឡាវរ៉ូ (Sergey Lavrov) នឹងជួបពិភាក្សាគ្នានៅរដ្ឋធានីរុស្ស៊ីជាមួយសមភាគីកាហ្សាក់ស្ថាន លោក យើរមេក កូស្សឺបាយ៉េវ (Yermek Kosherbayev)។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក កូស្សឺបាយ៉េវ ទៅកាន់ទីក្រុងម៉ូស្គូ បន្ទាប់ពីលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយថា អ្នកការទូតកំពូលទាំងពីរនឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីបញ្ហានៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងមនុស្សធម៌ រួមទាំងក្នុងបរិបទនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលខាងមុខរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាស់ស៊ីម-ចូម៉ាត តូកេវ (Kassym-Jomart Tokaev)ទៅកាន់ប្រទេសរុស្ស៊ី។
គេរំពឹងផងដែរថា លោក ឡាវរ៉ូវ និងលោក កូស្សឺបាយ៉េវ នឹងពិភាក្សាគ្នាអំពីប្រធានបទសំខាន់បំផុតនៃរបៀបវារៈតំបន់ និងពិភពលោក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





