ឯកឧត្តម គួច ចំរើន ជួបប្រជុំជាមួយគណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត
AKP កណ្ដាល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយគណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តស្តីពីការរៀបចំកម្មវិធីរត់អបអរសាទរទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ ឆ្នាំ២០២៦ នៅក្នុងក្រុងតាខ្មៅ។

គោលបំណងនៃការរៀបចំកម្មវិធីរត់អបអរសាទរទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ គឺដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់សម្រាប់មនុស្សជាតិ សម្រាប់សង្គម សម្រាប់ក្រុមគ្រួសារ សម្រាប់គូរស្រករ ចូលរួមផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្ត និងចូលរួមចំណែកធ្វើសប្បុរសធម៌។ ការរៀបចំព្រឹត្តិការណ៍រត់អបអរសាទរទិវានៃក្តីស្រឡាញ់ខាងមុខនេះ គឺចង់បង្ហាញខ្លឹមសារអប់រំសំខាន់បំផុតគឺ ការបង្វែរការយកចិត្តទុកដាក់របស់យុវវ័យពី "បុណ្យសង្សារ" ទៅជាថ្ងៃនៃការបង្ហាញពីក្តីស្រឡាញ់តាមបែបផែនដ៏ថ្លៃថ្នូរ មានសីលធម៌ និងការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុងតាខ្មៅ មន្ទីរពាក់ព័ន្ធ និងសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





