សហព័ន្ធកីឡារាំបណ្តុះបណ្តាលធនធានចៅក្រម ដើម្បីពង្រីកធនធានមនុស្សឱ្យកាន់តែរីកចម្រើន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥--សហព័ន្ធកីឡារាំកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលចៅក្រមកីឡារាំង ដើម្បីពង្រីកធនធានមនុស្សក្នុងវិស័យជំនាញកីឡាមួយនេះឱ្យកាន់តែសម្បូរបែបប្រកបដោយគុណភាព និងការអភិវឌ្ឍឱ្យកាន់តែប្រសើរបន្ថែមទៀត។

លោកឧកញ៉ា ប៉ិច ប៉ូឡែន អនុប្រធានសហព័ន្ធកីឡារាំកម្ពុជាគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលចៅក្រមកីឡារាំនេះមានសិក្ខាកាមចូលរួម ២៥នាក់ ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿនផែនការអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា។ វគ្គនេះធ្វើឡើង ក្នុងគោលបំណងដើម្បីអភិវឌ្ឍធនធានចៅក្រមឱ្យកាន់តែរីកចម្រើ ដើម្បីត្រៀមរៀបចំការប្រកួតកីឡារាំ ជើងឯកថ្នាក់ជាតិ នាពេលខាងមុខ។

ជាមួយគ្នានេះ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ សហព័ន្ធកីឡារាំកម្ពុជាបានគូសបញ្ជាក់ថា វគ្គចៅក្រមនេះត្រូវបានធ្វើឡើងជាលើកទី២ ក្នុងការបណ្តុះបណ្តាលចៅក្រម ដើម្បីឱ្យប្រទេសកម្ពុជាមានធនធានមនុស្សផ្នែកចៅក្រមកីឡារាំកាន់តែច្រើន ក្នុងការងារអភិវឌ្ឍន៍។ នៅក្នុងវគ្គចៅក្រម លើកនេះ គ្រូឧទ្ទេសបានសិក្សាស្រាវជ្រាវនូវបច្ចុប្បន្នភាពឯកសារកីឡារាំរបស់សហព័ន្ធកីឡារាំពិភពលោក និងអាស៊ីមកចែករំលែកចំណេះដឹងជូនដល់ចៅក្រមកម្ពុជា ដើម្បីឱ្យវិស័យកីឡារាំងដើរឱ្យទាន់ការកែប្រែថ្មីៗបន្ថែម និងការអភិវឌ្ឍរបស់អន្តរជាតិ ក្នុងការងារបច្ចេកទសនៃប្រព័ន្ធវាយតម្លៃ ការផ្តល់ពិន្ទុកីឡារាំ។

លោកស្រីអគ្គលេខាធិការសង្កត់ធ្ងន់ថា វគ្គចៅក្រមនេះផ្តោតសំខាន់លើកការចែករំលែកអំពីក្រមសីលធម៌ វិជ្ជាជីវៈចៅក្រម រួមទាំងមេរៀនមួយចំនួនទៀត ដូចជាប្រវត្តិកីឡារាំពិភពលោក ប្រព័ន្ធវិនិច្ឆ័យរបស់ចៅក្រម បទប្បញ្ញត្តិនៃការស្លៀកសម្លៀកបំពាក់សម្រាប់ការប្រកួតជាដើម។ លោកស្រី ហង់ ស៊ីមន បានចាត់ទុកថា វគ្គនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងបណ្តុះធនធានចៅក្រមឱ្យកាន់តែសម្បូរបែបប្រកបដោយគុណភាព ក្នុងការបន្តវេនពីលោកគ្រូ អ្នកគ្រូដែលមានវ័យកាន់តែចាស់ទៅៗ។

គួរបញ្ជាក់ថា វគ្គនេះមានសិក្ខាកាម២៥នាក់ (នារី១៣នាក់) ក្រោមការចែករំលែកចំណេះដឹងពីគ្រូឧទ្ទេសចំនួន៣រូប គឺលោកស្រី ហង់ ស៊ីមន កញ្ញា You Shu Jie គ្រូបង្វឹកជម្រើសជាតិ និងលោកគ្រូ ស៊ូវ តុង នាយកបច្ចេកទេសសហព័ន្ធ៕ ដោយ ហេង ណាលីន





