អភិបាលខេត្តបន្ទាយមានជ័យ៖ អគាររដ្ឋបាលស្រុកមង្គលបូរីថ្មីជានិមិត្តរូបនៃឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥--ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អគាររដ្ឋបាលស្រុកមង្គលបូរីថ្មីនេះ មិនត្រឹមតែជាទីកន្លែងធ្វើការដ៏ទំនើបសម្រាប់មន្ត្រីរាជការប៉ុណ្ណោះទេ ប៉ុន្តែវាជានិមិត្តរូបនៃឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើងជូនប្រជាពលរដ្ឋ។ ការថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អ៊ុំ រាត្រី រួមដំណើរដោយឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលស្រុកមង្គលបូរី ដែលទើបសាងសង់រួចរាល់ជាស្ថាពរ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដែលជានិមិត្តរូបថ្មីនៃភាពរីកចម្រើន និងការបម្រើប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍បន្ថែមថា ការដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលស្រុកមង្គលបូរីថ្មីនេះ គឺជាការឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច និងចំនួនប្រជាពលរដ្ឋក្នុងស្រុកដែលកំពុងកើនឡើងជាលំដាប់។ អគារនេះនឹងក្លាយជាបេះដូងនៃការសម្របសម្រួលការងាររដ្ឋបាល ប្រកបដោយភាពរលូន តម្លាភាព និងគណនេយ្យភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស្រុកមង្គលបូរី និងក្រុមការងារទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការកសាងអគារដ៏មានសារៈសំខាន់នេះឱ្យបានសម្រេចតាមផែនការ។

ក្នុងឱកាសនោះ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានបង្ហាញនូវមោទនភាពចំពោះអគាររដ្ឋបាលថ្មីនេះ ដែលលោកចាត់ទុកថាជា «ផ្ទះថ្មី» សម្រាប់មន្ត្រីរាជការស្រុក និងជា «ច្រកទ្វារតែមួយ» ដ៏សំខាន់ក្នុងការផ្តល់សេវាប្រកបដោយគុណភាព និងភាពរហ័សទាន់ចិត្តជូនប្រជាពលរដ្ឋ។ អគាររដ្ឋបាលថ្មីនេះត្រូវបានរចនាឡើងដោយគិតគូរយ៉ាងល្អិតល្អន់ទៅលើបរិយាកាសធ្វើការប្រកបដោយផាសុកភាព និងបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើប ដែលនឹងជួយសម្រួលដល់ការបំពេញការងាររបស់មន្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព។ លោកក៏បានបញ្ជាក់ពីការរៀបចំកន្លែងរង់ចាំសម្រាប់ប្រជាពលរដ្ឋឱ្យបានសមរម្យ ដើម្បីធានាថាពួកគាត់ទទួលបានសេវាដោយភាពងាយស្រួល និងឆាប់រហ័សផងដែរ។

គួរបញ្ជាក់ថា អគាររដ្ឋបាលស្រុកមង្គលបូរីថ្មីនេះត្រូវបានសាងសង់ឡើងស្របតាមស្ថាបត្យកម្មខ្មែរដ៏ល្អផូរផង់ លាយឡំជាមួយនឹងការរចនាបែបទំនើប ដែលបង្ហាញពីការគោរពចំពោះប្រពៃណី និងការបោះជំហានទៅមុខនៃភាពជឿនលឿន។ អគារនេះមានបំពាក់នូវបន្ទប់ធ្វើការគ្រប់គ្រាន់ បន្ទប់ប្រជុំធំទូលាយ កន្លែងទទួលភ្ញៀវ និងចំណតរថយន្តដែលងាយស្រួល។ ការដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលស្រុកមង្គលបូរីថ្មីនេះ ត្រូវបានគេរំពឹងទុកថានឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅក្នុងស្រុក ក៏ដូចជាការលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលមូលដ្ឋាន។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន និងប្រជាពលរដ្ឋរស់នៅដោយសុខុមរមនា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍៕

ដោយ ឈុន សារ៉ាត





