អនុប្រធានបញ្ចស៊ីឡាត់៖ មេដាយសំរឹទ្ធ១គ្រឿងកីឡាយុវជនអាស៊ី ជាការបើកផ្លូវបន្តការអភិវឌ្ឍ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥--កីឡាកម្ពុជាទទួលបានការចាប់អារម្មណ៍លើឆាកអន្តរជាតិ បន្ទាប់ពីកីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញែល បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ជាតិដោយឈ្នះមេដាយសំរឹទ្ធ១គ្រឿង ដែលជាមេដាយដំបូងគេរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន។

លោក ឈាង សុណ្ណរតនា អនុប្រធានសហព័ន្ធបញ្ចស៊ីឡាត់កម្ពុជា ក្នុងនាមតំណាងឯកឧត្តមប្រធានសហព័ន្ធ បានថ្លែងថា ការចូលរួមលើកនេះគ្រាន់តែមានគោលបំណងសិក្សាបទពិសោធន៍ និងពង្រឹងសមត្ថភាពអត្តពលិកវ័យក្មេង ប៉ុន្តែការចាប់បានមេដាយគឺជាអ្វីដែលមិននឹកស្មានដល់។ លោកអនុប្រធានបន្ថែមថា យើងមិនធ្លាប់គិតថា នឹងអាចប្រជែងបានមេដាយទេ ព្រោះនេះជាលើកដំបូងដែលកម្ពុជាចូលរួមប្រកួតកម្រិតអាស៊ី។ ប៉ុន្តែអត្តពលិករបស់យើងបានបង្ហាញសមត្ថភាពលើសពីការរំពឹងទុក ដោយបានបំបែកកំណត់ត្រាថ្មីជូនជាតិ។ នេះជាចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយ និងអភិវឌ្ឍន៍ប្រភេទក្បាច់គុនបញ្ចស៊ីឡាត់ឱ្យកាន់តែទូលំទូលាយ។

អនុប្រធានរូបនេះសង្កត់ធ្ងន់ថា ការទទួលបានជោគជ័យលើកនេះជាការបើកផ្លូវថ្មី សម្រាប់ការស្វែងរក និងបណ្តុះបណ្តាលអ្នកមានទេពកោសល្យ ដើម្បីត្រៀមប្រកួតកម្រិតអន្តរជាតិ នាពេលអនាគត។

ជាមួយគ្នានេះ កីឡាករ ភុក ដានីញែល ម្ចាស់មេដាយសំរឹទ្ធ១គ្រឿងបានបង្ហាញនូវមោទកភាពជាតិ ដែលខ្លួនបានប្រឹងប្រែងប្រកួតដណ្តើមមេដាយសំរឹទ្ធ១គ្រឿងជូនជាតិ។ មេដាយនេះជាចំណុចចាប់ផ្តើមនៃការលើកទឹកចិត្តឱ្យនបន្តប្រឹងប្រែងហ្វឹកហាត់ ដើម្បីឈានទៅរកជោគជ័យធំជាងនេះ។

គួររម្លឹកថា មេដាយសំរឹទ្ធរបស់កីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញែល បានកើតឡើងបន្ទាប់ពីរូបគេបានចាញ់កីឡាករឥណ្ឌូណេស៊ី Habbil Furgon Winata នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងឱកាសលវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ គ្រូបង្វឹក កីឡាករបញ្ចស៊ីឡាត់កម្ពុជាទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា និងលោក ឈាង សុវណ្ណរតនា អនុប្រធានសហព័ន្ធ និងលោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធផងដែរ៕
ដោយ ហេង ណាលីន (រូបភាព៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា)





