ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់
AKP កំពង់ឆ្នាំង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេ ចំនួន៨០គ្រួសារ នៅក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែតុលាឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី សហជីពសហព័នន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំងផងដែរនិងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានពាំនាំការផ្ដាំផ្ញើសួរសុខទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនដែលព្រងើយកន្តើយ ឬនៅឆ្ងាយពីបងប្អូនទាំងអស់គ្នានោះទេ គឺតែងនឹករលឹកជានិច្ច ទោះបីមិនបានរស់នៅជាមួយគ្នា ពិតមែនក៏ប៉ុន្តែសុខទុក្ខទាំងឡាយរបស់បងប្អូនទាំងអស់ក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះកូនតូចៗ ក៏ដូច ជាប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
ឯកឧត្តមបណ្ឌិតសភាចារ្យបានក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនៅតំបន់ទំនាប សមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីធនធានទឹក និងអ្នកសារព័ត៌មាន សូមយកចិត្តទុកដាក់ និងតាមដានរាល់កម្ពស់ទឹកទន្លេ បើមានការសង្ស័យនៃកម្ពស់ទឹក និងបញ្ហាប្រឈមនានាដោយសារទឹកជំនន់ សូមប្រញាប់រាយការណ៍ជាបន្ទាន់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ នៅពេលប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងថ្នាក់ដឹកនាំខេត្តបាននាំយកអំណោយរបស់រដ្ឋាភិបាលចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន៨០គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ៣០គ.ក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ ក្រមា១ និងថវិកាមួយចំនួនផងដែរ៕

ដោយ បៃ ស៊ីថុន





