សន្និសីទលើកទី១០ និងខួបលើកទី២០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ាសម្រេចបានលទ្ធផលសំខាន់ៗមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥-- សន្និសីទលើកទី១០ និងខួបលើកទី២០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា នៅទីក្រុងប៉ារីស ប្រទេសបារាំងរយៈពេល៣ថ្ងៃបានបិទបញ្ចប់នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយសម្រេចបានលទ្ធផលសំខាន់ៗមួយចំនួនដូចជា៖ ១. ការបន្តភាពជាដៃគូជាមួយទីភ្នាក់ងារតេស្តអន្តរជាតិ និង ITA បានបន្តអនុស្សរណៈនៃការយោគយល់គ្នា ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការជំរុញសុចរិតភាពកីឡាតាមរយៈការអប់រំ និងពង្រឹងកិច្ចសហប្រតិបត្តិការជាសកល។ ២. ការអនុម័តលើគោលការណ៍ណែនាំថ្មីសម្រាប់សុចរិតភាពកីឡាដែលបានកែសម្រួល៖ គោលការណ៍ណែនាំថ្មីទាំងនេះត្រូវបានបង្កើតឡើងដោយសហការជាមួយក្រុមប្រឹក្សាអឺរ៉ុប ហើយនឹងដោះស្រាយបញ្ហាមួយចំនួនដែលប៉ះពាល់ដល់សុចរិតភាពកីឡាដូចជា ការយាយី ការរំលោភបំពាន អំពើពុករលួយ និងការកំណត់លទ្ធផលមុនការប្រកួត។ ៣. ទិសដៅអនាគតសម្រាប់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងសារធាតុហាមឃាត់ជាសកល៖ សន្និសីទបានកំណត់ផែនទីបង្ហាញផ្លូវសម្រាប់អនាគតនៃអភិបាលកិច្ចសុចរិតភាពកីឡា ដោយផ្តោតលើការបង្កើនផលជះ និរន្តរភាព អភិបាលកិច្ច និងប្រសិទ្ធភាពនៃអនុសញ្ញា។ ៤. ការបន្តកំណែទម្រង់យន្តការផ្តល់មូលនិធិ៖ សន្និសីទបានពិភាក្សាកម្រិតខ្ពស់លើការពង្រឹងយន្តការផ្តល់មូលនិធិនៃអនុសញ្ញា បញ្ជាក់ពីតួនាទីនៅក្នុងប្រព័ន្ធអេកូឡូស៊ីសុចរិតភាពកីឡាសកល និងការបង្កើតយន្តការដោះស្រាយវិវាទ។ ៥. ការបោះឆ្នោតជ្រើសរើសប្រធានថ្មី៖ លោក Farid Gayibov រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ប្រទេសអាស៊ែបៃហ្សង់ ត្រូវបានជ្រើសរើសជាប្រធានថ្មី និង៦. ការពិនិត្យឡើងវិញលើការកែសម្រួល WADA Code នាពេលខាងមុខ៖ ជាផ្នែកមួយនៃការតម្រឹមបទប្បញ្ញត្តិជាតិជាមួយនឹងស្តង់ដាអន្តរជាតិ ទីភ្នាក់ងារប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡាពិភពលោក បានផ្តល់ការពិនិត្យឡើងវិញលើការកែសម្រួលលក្ខន្តិកៈនាពេលខាងមុខ និងការធ្វើបច្ចុប្បន្នភាពកូដប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡាអន្តរជាតិ។

សូមជម្រាបជូនថា ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា(ទ.ក.ប.ដ) បានដឹកនាំប្រតិភូកម្ពុជាចូលរួមសន្និសីទលើកទី១០ និងខួបលើកទី២០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំងនេះផងដែរ ដោយមានការចូលរួមពីសំណាក់រដ្ឋភាគីមកពីអឺរ៉ុប និងអាស៊ីចំនួន១៥០ប្រទេស រួមនិងអ្នកពាក់ព័ន្ធសរុបប្រមាណ៥០០នាក់ ដែលក្នុងនោះរួមមានសមាសភាព រដ្ឋមន្ត្រីនៃរដ្ឋភាគី អង្គការជាតិ និងអន្តរជាតិ អ្នកសង្កេតការណ៍ អ្នកជំនាញ និងភាគីពាក់ព័ន្ធសំខាន់ៗមកពីចលនាកីឡាទូទាំងពិភពលោក៕


ដោយ ចាន់ សុភឿន





