កម្ពុជា-ថៃ ឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើម
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥--កម្ពុជា-ថៃ បានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើម។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពីកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ កិច្ចប្រជុំពិសេសដែលធ្វើ នៅខេត្តចន្ទបុរី ព្រះរាជាណាចក្រថៃ ថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរក៏បានឯកភាពសាងសង់ឡើងវិញនូវបង្គោលព្រំដែនលិចទឹកចំនួន ៣ នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នា។

ទន្ទឹមនេះ ភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេស (TOR) ឆ្នាំ២០០៣ ទាក់ទងនឹងការផលិតផែនទីអ័រតូហ្វូតូ (ចំណុចទី ៤ ជំហានទី ២ នៃ TOR ឆ្នាំ ២០០៣) ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដូចជា LiDAR (Light Detection and Ranging) ដើម្បីពន្លឿនការងារវាស់វែង និងខណ្ឌសីមាព្រំដែន។
ពាក់ព័ន្ធនឹងករណីការចុះវាស់វែង និងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្តែងក្នុងកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ 42-47 នៅក្នុងតំបន់ភូមិជោគជ័យ-ណងចាន់ និងតំបន់ភូមិព្រៃចាន់-ណងយ៉ាកែវ៖ ភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេស (TI) សម្រាប់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនអាទិភាពនៅចន្លោះបង្គោលលេខ42-479។
បន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ន ព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួន ភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីពិនិត្យសម្រេចលើការបង្កើតយន្តការសមស្របណាមួយ សម្រាប់ធ្វើការកែសម្រួលការកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរ។
ការបោះបង្គោលបណ្តោះអាសន្ន គឺធ្វើឡើងក្នុងគោលបំណងបម្រើឱ្យការវាស់វែងប៉ុណ្ណោះ ដោយមិនត្រូវប៉ះពាល់ដល់ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ៕
ដោយ៖ គង់ សិរីរ័ត្ន





