លោកជំទាវ អុង សុភាវី ចូលរួមកិច្ចប្រជុំត្រួតពិនិត្យការបង្កើតគណៈកម្មាធិការអេដស៍របស់គណៈកម្មាធិការក្រុង-ស្រុក ឃុំ-សង្កាត់
AKP កណ្ដាល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តកណ្ដាលបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងការបង្កើតគណៈកម្មាធិការអេដស៍របស់គណៈកម្មាធិការក្រុង-ស្រុក ឃុំ-សង្កាត់ នៅរដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាព ចៅសង្កាត់ក្រុង-ស្រុក និងនាយប៉ុស្តិ៍នគរបាលក្រុង-ស្រុកផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការប្រយុទ្ធនឹងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់តួនាទីសំខាន់របស់ស្ត្រីក្នុងការអភិវឌ្ឍប្រទេសក្នុងរដ្ឋធម្មនុញ្ញកម្ពុជា (១៩៩៣) ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ស្ត្រីគ្រប់រូប អាចមានសិទ្ធិចូលរួមពេញលេញនៅក្នុងវិស័យសាធារណៈ ការងារ និងអាចអនុវត្ត សិទ្ធិអំណាចរបស់ខ្លួន និងធ្វើការសម្រេចចិត្តនៅគ្រប់កម្រិត និងគ្រប់ទីកន្លែងទាំងអស់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលស្គាល់កាន់តែច្រើនឡើងអំពីតួនាទីដ៏សំខាន់របស់ស្ត្រីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ ជាក់ស្តែងតាមរយៈយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងសមភាពយេនឌ័រនៅគ្រប់វិស័យ និងគ្រប់កម្រិត និងលើកកម្ពស់ការរីកចំរើន និងការផ្តល់សិទ្ធិ អំណាចដល់ស្ត្រី ដែលត្រូវបានចាត់ទុកថា ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ស្ថានភាព និងតួនាទីរបស់ស្ត្រី ដែលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈការពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល។

លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ជាការពិតណាស់ តាមរយៈសន្តិភាពដ៏កម្រ មានតម្លៃដ៏ពិសិដ្ឋ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្វែងរក ថែរក្សា និងបន្សល់ទុកឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជា ផ្តើមចេញពីការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងក្រោយការដាក់ចេញនូវនយោបាយឈ្នះឈ្នះ សន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុង និងការអនុវត្ត ប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល បានផ្តល់ឱ្យកម្ពុជាសម្រេចបានការអភិវឌ្ឍលើគ្រប់វិស័យទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ព្រមទាំងបាននឹង កំពុងលេចត្រដែតឡើងលើឆាកអន្តរជាតិ និងពិភពលោក។

លោកអភិបាលរងខេត្តបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រចម្បងពីរ គឺ៖ ទី១. ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ និងទី២. កសាង និងពង្រឹង មូលដ្ឋានគ្រឹះ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ តាមរយៈការកសាងភាពធន់រឹងមាំ នៃវិស័យ ទាំង ៥ រួមមាន ៖ វិស័យសាធារណៈ វិស័យសេដ្ឋកិច្ច វិស័យហិរញ្ញវត្ថុ វិស័យមូលធនមនុស្ស និង សង្គម និងវិស័យបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន ៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និងការប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





