លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ជួបសំណេះសំណាលជាមួយកញ្ញា កុយ អេនណា និងកញ្ញា ឃុន ដាលីណា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥-- លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី បានជួបសំណេះសំណាលជាមួយកញ្ញា កុយ អេនណា អតីតបវរកញ្ញាលំដាប់រងទី១ ឆ្នាំ២០២៣ និងកញ្ញា ឃុន ដាលីណា សិស្សនិទ្ទេស A លំដាប់ពិន្ទុ ១០០.០០ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងអបអរសាទរដល់ស្រ្តីពូកែទាំង២នាក់ ដែលជាមូលធនមនុស្សដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ ដែលកន្លងមកកញ្ញាបានរួមចំណែកជួយដល់សង្គម ដូចជាកម្មវិធីដំណើរថ្មើជើងជាង៣០០ គ.ម ពីភ្នំពេញទៅខេត្តសៀមរាបរបស់កញ្ញា កុយ អេនណា ក្នុងបុព្វហេតុដើម្បីកុមារ ជនមានពិការភាព វប្បធម៌ និងទេសចរណ៍ ជាដើម។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីបានប្រគល់វត្ថុអនុស្សាវរីយ៍ជា Kindle Scribe និងលិខិតអបអរសាទរ ជូន កញ្ញា ឃុន ដាលីណា និងចូលរួមមូលនិធិជាទឹកប្រាក់ចំនួន២លានរៀល និងលិខិតអបអរសាទរជូនកញ្ញា កុយ អេនណា ព្រមទាំងបានប្រកាសជ្រើសរើសយក កញ្ញា កុយ អេនណា ជាទូតសុឆន្ទៈ របស់ក្រសួងកិច្ចការនារី ក្នុងការចូលរួមផ្សព្វផ្សាយពីភាពជាគំរូ តម្លៃ និងស្នាដៃរបស់ស្រ្តី ដែលជាកម្លាំងចលករដ៏សំខាន់ និងមានសក្តានុពលក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម៕



ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





