សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការអបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ - ២៣ តុលា ២០២៥)។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា ៣៤ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ សម្ដេចតេជោបានរម្លឹកថា មុននឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ ១៩៨៧)។ បន្ទាប់មក ក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។
សម្ដេចតេជោបានបញ្ជាក់ថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ប៉ុន្ដែ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕
ដោយ៖ ជឹម ណារី





