ឯកឧត្តម ហេង សួរ បានអញ្ជើញចូលរួមវេទិកាជំនាញសកលឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥–ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមវេទិកាជំនាញសកលឆ្នាំ២០២៥ (Global Skills Forum 2025) រៀបចំឡើងក្នុងបរិបទ "ASEAN YEAR of SKILLS 2025" នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចូលរួមថ្លែងបទអន្តរាគមន៍នៅក្នុងវេទិការដ្ឋមន្ត្រីការងារអាស៊ាន សម្រាប់ការអភិវឌ្ឍនមូលធនមនុស្ស (ASEAN Forum of Manpower Ministers for Human Capital Development) ដោយបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការដឹកនាំរៀបចំកម្មវិធីវេទិកាជំនាញសកល ឆ្នាំ២០២៥ នេះ និងថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានផ្ដល់កិច្ច សហការក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងតំបន់ និងជាសាកលពាក់ព័ន្ធនឹងជំនាញ។


ប្រធានបទនៃកិច្ចពិភាក្សាផ្តោតលើការផ្សារភ្ជាប់គម្លាតជំនាញអាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់៖ ការលើកកម្ពស់ចល័តកម្លាំងពលកម្ម ជំរុញកំណើនប្រកបដោយបរិយាបន្ន និងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីកំណត់នូវ
ទស្សនវិស័យគោលនយោបាយ និងការប្តេជ្ញាចិត្តក្នុងតំបន់ និងកិច្ចព្រមព្រៀងស្តីពីសកម្មភាពសម្រាប់តាមដានឆ្នាំជំនាញអាស៊ាន ២០២៥។


ឯកឧត្តមបានលើកឡើងថា ការអភិវឌ្ឍជំនាញអាចសម្រេចទៅបានដោយមានការចូលរួមពីរដ្ឋាភិបាល វិស័យឯកជន កម្មករនិយោជិត និងគ្រឹះស្ថានបណ្ដុះបណ្ដាល។ កម្ពុជាបានដាក់អនុវត្តគោលនយោបាយជាច្រើន ដើម្បីជំរុញការចូលរួមរបស់វិស័យឯកជនក្នុងការបណ្តុះបណ្តាល និងបង្កើនជំនាញ តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមជាមួយមូលនិធិអភិវឌ្ឍជំនាញ ។

ឯកឧត្តមក៏បានស្នើឱ្យអាស៊ានលើកទឹកចិត្តពង្រឹងយន្តការស្ថាប័នជំនាញអាស៊ាន (Regional Skills Body) ដើម្បីជំរុញចល័តភាព និងការទទួលស្គាល់ជំនាញរបស់ពលករជំនាញនៅតាមប្រទេសសមាជិក ព្រមទាំងអំពាវនាវឱ្យមានចល័តភាពអត្ថប្រយោជន៍សន្តិសុខសង្គម ដើម្បីធានាបាននូវការការពារ និងអត្ថប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ក្រសួងការងារ





