ឯកឧត្ដម គួច ចំរើន ជួបសំណេះសំណាលជាមួយក្រុមការងារសប្បុរសធម៌សម្តេចពុក ហ៊ុន សែន សម្តេចម៉ែ ប៊ុន រ៉ានី
AKP កណ្ដាល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញចូលជួបសំណេះសំណាលជាមួយក្រុមការងារសប្បុរសធម៌ សម្តេចពុក ហ៊ុន សែន សម្តេចម៉ែ ប៊ុន រ៉ានី នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងស្នើសុំកិច្ចសហការពីរដ្ឋបាលខេត្តដើម្បីសម្របសម្រួលដល់ក្រុមការងារសប្បុរសធម៌ក្នុងការបំពេញការងារមួយចំនួនក្នុងខេត្តកណ្តាល។
ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារសប្បុរសធម៌សម្តេចពុក ហ៊ុន សែន សម្តេចម៉ែ ប៊ុន រ៉ានី រាល់កិច្ចការងារដែលបានធ្វើយ៉ាងល្អកន្លងមក និងបានថ្លែងអំណរគុណចំពោះការមកដល់មូលដ្ឋានខេត្តកណ្តាល និងចូលរួមសហការអនុវត្តការងារសប្បុរសធម៌នេះអោយមានប្រសិទ្ធភាព។


ក្រុមការងារសប្បុរសធម៌សម្តេចពុក ហ៊ុន សែន សម្តេចម៉ែ ប៊ុន រ៉ានី បានបង្កើតឡើងក្នុងឆ្នាំ២០២៣ បើគិតមកទល់ពេលនេះ ក្រុមការងារ បានសម្រេចនូវសមិទ្ធផលការងារប្រកបដោយផ្លែផ្កា រួមមាន ការចែកអំណោយសប្បុរសធម៌ជាបន្តបន្ទាប់ជូនដល់ទុរគតជន ជនភៀសសឹក និងក្រុមគោលដៅនានាទូទាំងរាជធានី ខេត្តរួមមាន ខេត្តកំពង់ធំ កំពង់ស្ពង់ កំពង់ចាម ត្បូងឃ្មុំ កណ្ដាលស្វាយរៀង ព្រៃវែង តាកែវ បាត់ដំបង ខេត្តកោះកុង និងបណ្តាញសមាគមព្រៃឡង់ទាំង៤ខេត្ត មានខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ ខេត្តស្ទឹងត្រែង៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





