រដ្ឋបាលខេត្តព្រះសីហនុចុះផ្អាកដំណើរការផលិតកម្មរោងចក្រកែច្នៃស្បែកសត្វមួយរហូតដល់លែងមានការបំពុលបរិស្ថាន
AKP ព្រះសីហនុ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥-- លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចម្រុះ ដើម្បីចុះអនុវត្តលិខិតលេខ ៤៨២២/០៦២៥ ប.ស្ថ/អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងបរិស្ថាន និងលិខិតលេខ ៤៤៧/២៥ សជណ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលសម្រេចផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអថេកណឡជី KUBON (CAMBODIA) BIOTECHNOLOGY CO., LTD. ក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនគូប៊ុន (ខេមបូឌា) បាយអថេកណឡជី ជាក្រុមហ៊ុនកែច្នៃស្បែកសត្វនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជារោងចក្រនេះបានបំពុលបរិស្ថាន ធ្វើឱ្យប៉ះពាល់ដល់ជីវចម្រុះជុំវិញតំបន់តំបន់។ កន្លងមកក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តព្រះសីហនុ បានធ្លាប់ធ្វើការណែនាំឱ្យកែតម្រូវ និងធ្វើការផាកពិន័យជាច្រើនលើកច្រើនសាមកហើយ តែក្រុមហ៊ុននៅមិនមានការកែលម្អរតម្រូវការរបស់ខ្លួនតាមការជូនដំណឹងរបស់រដ្ឋបាលខេត្ត ក៏ដូចក្រសួងបរិស្ថាន។ ការផ្អាកដំណើរការផលិតកម្មរោងចក្រនេះ គឺដើម្បីបញ្ឈប់នូវរាល់សកម្មភាពដែលអាចឈានទៅដល់ការបំពុលបរិស្ថានបន្ថែមទៀត ហើយសង្វាក់ផលិតកម្មទាំងមូលនឹងត្រូវផ្អាករហូត ដល់មានការកែតម្រូវឱ្យស្របតាមស្តង់ដារបច្ចេកទេស។


តំណាងក្រុមហ៊ុនបានចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីរៀបចំស្តារប្រព័ន្ធលូ និងអាងប្រព្រឹត្តកម្មឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងបរិស្ថាន មុននឹងស្នើសុំបើកឪ្យដំណើរផលិតកម្មរបស់ខ្លួនឡើងវិញ៕

ដោយ ងូ សុមុនី





