សម្តេចប្រធានរដ្ឋសភាកម្ពុជានឹកដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅសាធារណរដ្ឋបារាំង
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥--
សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី និងចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨ នៅសាធារណរដ្ឋបារាំង។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥បានលើកឡើងថា សម្តេចមហារដ្ឋសភា-ធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសហុងគ្រី ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ និងបន្តអញ្ជើញចូលរួមវេទិកាសន្តិភាពប៉ារីស លើកទី៨ នៅសាធារណរដ្ឋបារាំង ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចរបស់សម្តេចរដ្ឋសភាធិបតី នៅប្រទេសហុងគ្រី ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ឡាស្កូ កូវីរ (László Kövér) ប្រធានរដ្ឋសភា នៃប្រទេសហុងគ្រី ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ សកម្ម និងគ្រប់ជ្រុងជ្រោយឡើង។
អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនេះ សម្តេចរដ្ឋសភាធិបតី គ្រោងនឹងចូលជួបសម្តែងការគួរសម និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃប្រទេសហុងគ្រី ជាពិសេសជួបពិភាក្សា ការងារទ្វេភាគី ជាមួយ ឯកឧត្តម ឡាស្កូ កូវីរ ប្រធានរដ្ឋសភា ប្រទេសហុងគ្រី ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ នឹងចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងរដ្ឋសភាប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត នៅគ្រប់កម្រិត ក្នុងនោះមានទាំងកម្រិត រដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី មានគម្រោងជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយ សិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសហុងគ្រី និងអញ្ជើញទស្សនកិច្ចនៅតាមតំបន់ឧស្សាហកម្ម ទេសចរណ៍និងវប្បធម៌របស់ប្រទេសហុងគ្រីមួយចំនួនទៀត ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែ ជិតស្និទ្ធ ក៏ដូចជាការជំរុញទំនាក់ទំនងវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ ទៅវិញទៅមកបន្ថែមទៀត ។
ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមវេទិកាសន្តិភាព ប៉ារីស លើកទី ៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩ និងទី៣០ ខែតុលា ឆ្នាំ២០២៥ បន្តទៀត។
នៅក្នុង វេទិកាអន្តរជាតិនេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងសុន្ទរកថា ចំនួនបីលើកដាច់ដោយឡែកពីគ្នា មាន ១) ថ្លែង សុន្ទរកថា នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាពមនុស្ស និងភពផែនដី» ២) កិច្ចពិភាក្សា តុមូល ស្តីពី «ចំពោះមុខការបែកបាក់ ៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក» និងទី ៣) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា ៖ ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅអាស៊ី»។
ក្រៅពីនេះសម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយថ្នាក់ដឹកនាំគណៈប្រតិភូបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានា រួមទាំងលោកជំទាវ យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង ដើម្បីពង្រឹង និង ពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដែលជាបុរេ សកម្មនៃវិស័យការទូតសភាកម្ពុជាក្នុងការស្វែងរកផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៕
ដោយ៖ ប៊ុនរិទ្ធ





