ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ មិនចង់ឃើញប្រទេស ឬជាតិសាសន៍ណាមួយរងគ្រោះដូចកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រទេសធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារមីន កម្ពុជាបានក្លាយជាប្រទេសឈានមុខគេក្នុងសកម្មភាពមីនសកល និងតែងតែចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនទៅកាន់បណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីរួមចំណែកសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងពិភពលោក។ ការចែករំលែករបស់កម្ពុជាកើតចេញដោយកម្ពុជាយល់ច្បាស់អំពីការរងគ្រោះ និងការឈឺចាប់បង្កដោយមីន និងមិនចង់ឃើញប្រទេស ឬជាតិសាសន៍ណាមួយរងគ្រោះដូចកម្ពុជា។

ឯកឧត្តម លី ធុជ ត្រូវបានចាត់តាំងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់បទពិសោធន៍បែបនេះ ក្នុងសន្និសីទស្តីពីសកម្មភាពមីនអ៊ុយក្រែនឆ្នាំ២០២៥ ដែលរៀបចំឡើងដោយរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូប្រទេសជប៉ុន ក្នុងនាមជប៉ុនជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ តំណាងឱ្យសម្តេចធិបតី នាយករដ្ឋមន្ត្រី បានអរគុណចំពោះរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានរៀបចំសន្និសីទដ៏សំខាន់នេះ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពមីនមនុស្សធម៌សកល ក៏ដូចជាការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោយបានចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ផ្តល់ដីសុវត្ថិភាពជូនសហគមន៍ និងស្តារឡើងវិញនូវក្តីសង្ឃឹម និងសេក្តីថ្លៃថ្នូររបស់ប្រជាជន។ កម្ពុជាធ្លាប់ទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងឆន្ទៈខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែចាត់ទុកការងារបោសសម្អាតមីន ជាបេះដូងស្នូលនៃការអភិវឌ្ឍប្រទេសជាតិ។ កម្ពុជាបានប្រែក្លាយជាប្រទេសឈានមុខក្នុងសកម្មភាពមីនសកល ដោយបានប្រែក្លាយដីរងគ្រោះ ទៅជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅ និងអភិវឌ្ឍនិងបានចូលរួមចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនទៅកាន់ប្រទេសនានានៅក្នុងពិភពលោក ដែលរួមទាំងប្រទេសអ៊ុយក្រែនផងដែរដើម្បីចូលរួមសម្រេចបានសន្តិ ភាពនិងស្ថិរភាពក្នុងពិភពលោក។ សកម្មភាពមីនគឺមិនមែនត្រឹមតែជាការបោសសម្អាតមីននោះទេ តែជាការផ្តល់នូវឱកាសថ្មីសម្រាប់ការកសាងឡើងវិញ វិស័យកសិកម្ម វិស័យអប់រំ និងការអភិវឌ្ឍប្រកបដោយចីរភាព។ការចូលរួមចែករំលែករបស់កម្ពុជា កើតចេញដោយកម្ពុជាយល់ច្បាស់អំពីការរងគ្រោះ និងការឈឺចាប់បង្កដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងមិនចង់ឃើញប្រទេស ឬជាតិសាសន៍ណាមួយ រងគ្រោះដោយសារអាវុធដ៏ព្រៃផ្សៃនេះឡើយ ហើយការចូលរួមរបស់កម្ពុជា ក្នុងសកម្មភាពមីនសាកល ប្រកាន់ខ្ជាប់ទៅតាមគោលការណ៍មនុស្សធម៌ និងមិនមាននិន្ននាការនយោបាយណាមួយឡើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ទោះកម្ពុជាបានបញ្ចប់តួនាទីជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជានៅតែមានមោទនភាព ដែលបានដឹកនាំរៀបចំ និងដាក់ចេញនូវផែនការសកម្មភាពសៀមរាប អង្គរ ឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវសកម្មភាពមីនសាកល ហើយកម្ពុជា នៅតែបន្តប្តេជ្ញាគាំទ្រសម្មភាពមីនសាកល តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព ការចូលរួមក្នុងបេសសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការគាំទ្រដល់សហគមន៍រងគ្រោះ៕


ដោយ សួស សំរិត





