ការបោះឆ្នោតជ្រើសរើសប្រធានអង្គប្រជុំក្នុងសន្និសីទលើកទី១០ និងការបោះឆ្នោតតែងតាំងគណៈកម្មាធិការអនុម័ត ឆ្នាំ២០២៦-២០២៧ នៃមូលនិធិប្រឆាំងសារធាតុហាមឃាត់ក្នុងវិស័យកីឡា
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា(ទ.ក.ប.ដ) តំណាងកម្ពុជា ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានចូលរួមបោះឆ្នោតជ្រើសរើសប្រធានអង្គប្រជុំក្នុងសន្និសីទលើកទី១០ និងការបោះឆ្នោតតែងតាំងគណៈកម្មាធិការអនុម័តសម្រាប់ឆ្នាំ២០២៦-២០២៧ នៃមូលនិធិប្រឆាំងសារធាតុហាមឃាត់ក្នុងវិស័យកីឡា ដែលជារបៀបវារៈសំខាន់មួយក្នុងសន្និសីទលើកទី១០ ខួបទី២០ នៃអនុសញ្ញាអន្តរជាតិប្រឆាំងដូប៉ា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។

ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់រដ្ឋភាគីមកពីអឺរ៉ុប និងអាស៊ីចំនួន១៥០ប្រទេស ដោយប្រមូលផ្តុំអ្នកពាក់ព័ន្ធចូលរួមសរុបប្រមាណ៥០០នាក់ ដែលក្នុងនោះរួមមានសមាសភាពរដ្ឋមន្ត្រីនៃរដ្ឋភាគី អង្គការជាតិ និងអន្តរជាតិ អ្នកសង្កេតការណ៍ អ្នកជំនាញ និងភាគីពាក់ព័ន្ធសំខាន់ៗមកពីចលនាកីឡាទូទាំងពិភពលោក។

សូមបញ្ជាក់ថា សន្និសីទនេះបានផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ១. ពិធីអបអរសាទរជាផ្លូវការនៃខួបលើកទី២០ ដោយឆ្លុះបញ្ចាំងពីសមិទ្ធផល និងផលជះនៃអនុសញ្ញានេះក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។ ២. ការពិភាក្សាលើបញ្ហានៃការអនុលោមតាមច្បាប់ និងការផ្តល់មូលនិធិ អភិបាលកិច្ចនៃអនុសញ្ញាអន្តរជាតិ រួមទាំងការបោះឆ្នោតសម្រាប់ការិយាល័យនៃ COP10 និងគណៈកម្មាធិការអនុម័តមូលនិធិប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់។ ៣.ការប្រមើលមើលទៅមុខពីទិដ្ឋភាពរួម និងដំណោះស្រាយបញ្ហាប្រឈមនានាដែលកំពុងកើតឡើងក្នុងសុចរិតភាពកីឡា ការពិនិត្យឡើងវិញនូវគោលការណ៍ណែនាំសកលស្តីពីឱសថបុរាណនៅក្នុងបរិបទនៃតម្លៃកីឡា សីលធម៌ និងសុចរិតភាព និង៤. ដំណើរការកំណែទម្រង់នៃអនុសញ្ញាអន្តរជាតិនេះមានគោលដៅបង្កើនផលជះ និរន្តរភាព អភិបាលកិច្ច និងប្រសិទ្ធភាព (ដំណោះស្រាយ 9CP/23)។
ជាលទ្ធផលនៃការបោះឆ្នោត ឯកឧត្តម Farid Gayibov រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាប្រទេសអាស៊ែបៃហ្សង់ ត្រូវបានជ្រើសរើសជាប្រធានអង្គប្រជុំលើកទី១០ ក្នុងសន្និសីទភាគីនៃអនុសញ្ញាអន្តរជាតិយូណេស្កូប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងកីឡា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





