នាយបេសកម្មកម្ពុជារំពឹងអត្តពលិកទទួលបានលទ្ធផលល្អ ក្នុងការប្រកួតកីឡាយុវជនអាស៊ី ២០២៥
AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥--ការទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥របស់ប្រទេសបារ៉ែនមានការខ្វះចន្លោះខ្លះ ដោយសារតែការត្រៀមខ្លួនមិនដល់២ឆ្នាំនោះទេ ដោយសារតែប្រទេសអ៊ូសបេគីស្ថានបានបោះបង់សិទ្ធិទទួលរៀបចំធ្វើម្ចាស់ផ្ទះនេះ ហើយអន្តរជាតិបានឱ្យបារ៉ែនធ្វើម្ចាស់ផ្ទះបន្ត ខណៈអត្តពលិកកម្ពុជាត្រូវបានរំពឹងទុកថានឹងទទួលបានលទ្ធផលល្អក្នុងការប្រកួតនេះ។

នេះជាការលើកឡើងរបស់ឯកឧត្តម ញ៉ាន សុខវិសាល នាយបេសកកម្មកម្ពុជាសម្រាប់ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ឆ្នាំ២០២៥នេះ។ នៅក្នុងដំណើរមកដល់មុនប៉ុន្មានថ្ងៃ មុនការប្រកួត ឯកឧត្តមនាយបេសកកម្មបានប្រឹងប្រែងសម្របសម្រួលជាមួយម្ចាស់ផ្ទះ ដើម្បីទទួលប្រតិភូ អត្តពលិកកម្ពុជាឱ្យចូលរួមប្រកួតលើគ្រប់ប្រភេទកីឡា និងវិញ្ញាសានានាឱ្យដំណើរការដោយរលូន។

នាយបេសកកម្មរូបនេះបញ្ជាក់ថា យើងបានចូលរួមកិច្ចប្រជុំលើបញ្ជីឈ្មោះប្រតិភូចូលរួម និងប្រភេទវិញ្ញាសាផ្សេងៗ ខណៈប្រតិភូអត្តពលិកកម្ពុជាបានចូលរួមប្រកួតដោយមិនមានបញ្ហាអ្វីនោះទេ។ បន្ទាប់មក យើងមានកិច្ចប្រជុំនាយបេសកកម្មរៀងរាល់ព្រឹក ដោយកម្ពុជាបានលើកឡើងរាល់បញ្ហានានា ដែលយើងបានជួបទាំងការហូបចុក ស្នាក់នៅ ដឹកជញ្ជូន និងបញ្ហាផ្សេងៗទៀត។ ជាមួយគ្នានេះ នាយបេសកកម្មរូបនេះអះអាងថា កម្ពុជាមានក្តីសង្ឃឹងលើប្រភេទកីឡាជាច្រើនដែរ ជាពិសេសគឺប្រភេទកីឡាប្រយុទ្ធ ក្នុងការប្រជែងមេដាយជូនជាតិ។

ចំពោះពិធីបើកជាផ្លូវការ គ្រោងនឹងធ្វើឡើងនៅវេលាម៉ោង ៧:០០យប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នៅប្រទេសបារ៉ែនត្រូវនឹងម៉ោង ៣:០០ រសៀល នៅប្រទេសកម្ពុជា ខណៈពិធីបិទការប្រកួតជាផ្លូវការគ្រោងនឹងធ្វើឡើងនៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ នៅក្នុងពិធីបិទជាផ្លូវការ ក៏មានក្រុមសិល្បៈកម្ពុជាចូលរួមសម្តែងបង្ហាញប្រពៃណីវប្បធម៌ជាតិ និងពិធីទទួលទង់បន្តវេន ការប្រកួតកីឡាយុវជនអាស៊ី មកកម្ពុជា សម្រាប់សិទ្ធិជាម្ចាស់ផ្ទះ នាឆ្នាំ២០២៩ខាងមុខ៕
ដោយ ហេង ណាលីន (រូបភាព៖ NOCC)





